ផ្កាយNoVeLs*– ខ្ញុំធ្លាប់ឮអ្នកនិពន្ធដូចគ្នាសួរថា ចូលចិត្តស្តាប់ចម្រៀងអ្វីពេលកំពុងសរសេររឿង? សំណួរនេះធ្វើឲ្យខ្ញុំដឹងថា អ្នកនិពន្ធខ្លះ ចូលចិត្តស្តាប់ចម្រៀងពេលកំពុងសរសេររឿង ព្រោះធ្វើឲ្យអារម្មណ៍ដែលកំពុងតានតឹងប្រែជាធូរស្បើយ និងមានគំនិតភ្លឺថ្លាក្នុងការសរសេររឿងបន្ត។ តែអ្នកនិពន្ធខ្លះប្រាប់ថា មិនចូលចិត្តស្តាប់ចម្រៀងទេពេលកំពុងសរសេររឿង ព្រោះធ្វើឲ្យខូចសមាធិ និងពេលខ្លះនាំឲ្យឆាប់ងងុយដេកទៀតផង។
ម្នាក់ៗ សុទ្ធតែមានហេតុផលដែលត្រឹមត្រូវដូចគ្នា។ ជាការពិតណាស់ ភាពស្ងប់ស្ងាត់បង្កឲ្យមានសមាធិក្នុងការសរសេររឿងកាន់តែខ្លាំងឡើង។ តែខ្ញុំក៏ជឿថា ការស្តាប់ចម្រៀងក៏ជាការលំហែខួរក្បាលម្យ៉ាងដែលជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងប្រសើរដែរ ប្រសិនបើស្តាប់យ៉ាងត្រឹមត្រូវ តាមវិធីដែលខ្ញុំណែនាំនេះ។
១. ជ្រើសរើសស្តាប់ចម្រៀងដែលមានចង្វាក់ស្រាលស្រទន់ស្តាប់សប្បាយៗស្រួលត្រចៀក
បទចម្រៀងដែលគួរជ្រើសរើសយកមកស្តាប់ក្នុងពេលសរសេររឿងគួរតែជាបទដែលមានចង្វាក់ស្រាលៗ ស្តាប់សប្បាយៗ មិនថ្លង់ត្រចៀក ដូចជា៖ ចង្វាក់ Pop, Jazz, Classic, ឬចម្រៀងប្រភេទ Easy Listening ព្រោះចង្វាក់ភ្លេងប្រភេទនេះជួយកន្ត្រាក់ខួរក្បាលឲ្យធ្វើការកាន់តែល្អប្រសើរឡើង ធ្វើឲ្យកើតគំនិតច្នៃប្រឌិតថ្មី ក្នុងខណៈដែលចម្រៀង Rock មានចង្វាក់ធ្ងន់ៗ អាចធ្វើឲ្យខួរក្បាលកាន់តែកើតភាពតានតឹងឡើងៗដោយមិនដឹងខ្លួនបាន។
២. បើកស្តាប់តិចៗ
ការបើកចម្រៀងស្តាប់ខ្លាំងពេក ក្រៅពីធ្វើឲ្យខូចសមាធិហើយ នៅបង្កការរំខានដល់អ្នកដទៃទៀត។ ដូច្នេះយើងគួរបើកចម្រៀងស្តាប់តិចៗ ក្នុងកម្រិតដែលល្មមអាចស្តាប់បាន ពីរោះត្រចៀក ឬបើកក្នុងកម្រិត ពីរភាគបីនៃកម្រិតសំឡេង ដែលយើងស្តាប់ក្នុងពេលធម្មតា។
៣. ស្តាប់ចម្រៀងអន្តរជាតិ ឬបទភ្លេងសុទ្ធ
ត្រង់ចំណុចនេះ មិនមែនបានន័យថា ចម្រៀងខ្មែរមិនពីរោះជាងចម្រៀងបរទេសនោះទេ តែខ្ញុំចង់បានសេចក្តីថា ឲ្យស្តាប់ចម្រៀងបរទេស ឆ្លាស់គ្នាជាមួយចម្រៀងខ្មែរផង។ ធ្លាប់សង្កេតឬទេថា ការស្តាប់ចម្រៀងខ្មែរដែលមានទំនុកច្រៀងជាភាសាខ្មែរ សមាធិរបស់យើង ច្រើនតែផ្តោតទៅលើអត្ថន័យរបស់បទចម្រៀងនោះដោយមិនដឹងខ្លួន ធ្វើឲ្យខូចសមាធិក្នុងការសរសេររឿង ក្នុងខណៈដែលចម្រៀងអន្តរជាតិ ដែលមានទំនុកជាភាសាបរទេស រួមនឹងបទចម្រៀងដែលមានតែបទភ្លេងសុទ្ធ គ្មានទំនុក ត្រចៀកយើងនឹងជ្រួតជ្រាបតែចង្វាក់ភ្លេងធម្មតា សមាធិយើង ក៏មិនផ្តោតសំខាន់ទៅលើបទចម្រៀងទាំងនោះជាធំដែរ។
៤. ស្តាប់ចម្រៀងដែលត្រូវនឹងអារម្មណ៍ក្នុងរឿងដែលកំពុងសរសេរ
ការជ្រើសរើសបទចម្រៀង ដែលសមស្របនឹងបរិយាកាសនៅក្នុងសាច់រឿងយកមកស្តាប់ ក៏ជាការប្រសើរដែរ ព្រោះវានឹងធ្វើឲ្យយើងដាក់អារម្មណ៍បានល្អ និងស៊ីជម្រៅទៅនឹងសាច់រឿងដែលកំពុងសរសេរនោះ ដូចជា៖ បើកំពុងសរសេររឿងត្រង់វគ្គ រំភើបរំជើបរំជួលចិត្ត គឺគួរស្តាប់បទចម្រៀងណាដែលទាក់ទងនឹងរឿងរ៉ាវស្នេហាផ្អែមល្ហែម រ៉ូមែនទិក ចៀសវាងស្តាប់ចម្រៀងសោកសៅ និរាសព្រាត់ប្រាសគ្នា ឬបើសរសេរដល់វគ្គ ដែលត្រូវពណ៌នាពីបន្ទប់ធំទូលាយមួយ ដែលប្រដាប់ដោយគ្រឿងសង្ហារឹមប្រណីតៗ ក៏គួរតែស្តាប់បទ Jazz, Orchestra, ជំនួសការស្តាប់ចម្រៀងប្រភេទ Heavy Metal ជាដើម។ ចំពោះចម្រៀងប្រភេទ Heavy Metal គួរស្តាប់ក្នុងពេលសរសេរដល់ឆាក វាយតប់ប្រយុទ្ធគ្នា ឬធ្វើសង្គ្រាមទើបជាការប្រសើរ។
យ៉ាងម៉េចដែរ ក្រោយពីការអានសេចក្តីណែនាំខាងលើនេះ? អ្នកនិពន្ធមានវិធីស្តាប់ចម្រៀងបែបនេះ ចុះប្រិយមិត្តអ្នកអានវិញ ចូលចិត្តស្តាប់ចម្រៀងប្រភេទណាខ្លះ??? 😀
បើលោកម៉ាក់សួរហ្វេនបែបនេះហើយខ្ញុំសូមឆ្លើយដោយមិនទាក់ទើថាខ្ញុំចូលចិត្តស្តាប់បទចំរៀងបែប
ទន់ៗងាយៗស្រួលស្តាប់មិនរំខានដល់ត្រចៀក។ភាកច្រើនខ្ញុំស្តាប់ក្នុងកំឡុងពេលដើរទៅរៀននឹងដើរ
មកផ្ទះវិញព្រោះខ្ញុំស្អប់ពេលដើរតាមផ្លូវមាននាក់ស្រែកអេអើតាមផ្លូវណាស់បទភ្លេងនេះបានជួយខ្ញុំច្រើន
មែនទែនពីសំលេងស្រែកទាំងនោះ។
មួយទៀតជាពិសេសគឺពេលយប់មុនចូលគេងខ្ញុំនឹងអានសៀវភៅរឿងមួយក្បាលហើយស្តាប់បទចំរៀង
ខ្មែរពីដើមៗ។ដឹងទេលោកម៉ាក់!សៀវភៅជួយឲ្យខ្ញុំគេងលក់ស្រួលណាស់ហើយមានអារម្មណ៍ល្អទៀត
ផងហិហិហិ។
ខ្ញុំចូលចិត្តស្តាប់បទបរទេសនៅពេលថ្ងៃតែចូលចិត្តស្តាប់បទខ្មែរពីដើមនៅពេលយប់ហិហិហិ
ពិតជាមានរសនិយមល្អមែន សូមសរសើរ! 🙂
លោកម៉ាក់ថាខ្ញុំរសនិយមល្អតែបើតាមការអានអត្តបទលោកម៉ាក់ផសខាងលើណា
រសនិយមរបស់លោកម៉ាក់ឡូយជាងខ្ញុំទៅទៀត។តាមបែបអ្នកនិពន្ធហាហាហាហាហ
ត្រូវការស្ចង់អារម្មណ៍ទៅតាមបរិយាកាសហាហាហ ចឹងត្រូវតែពិសេសជាងមនុស្ស
ធម្មតាហើយមែនទេលោកម៉ាក់? ពីមុនខ្ញុំធ្លាប់លឺគេនិយាយថាអ្នកនិពន្ធគឺជាមនុស្ស
ដែលមានមនោសញ្ចេតនាច្រើន គឺពិតជាត្រូវមែនហាហាហាហាដូចជាលោកម៉ាក់ចឹង។
បើញ៉ុមវិញចូលចិត្តស្តាប់ចំរៀងពេលធ្វើការ មើលមេរៀនទេស្តាប់តែបទកំសត់ទេ
ចូលចិត្តស្តាប់បទកម្សត់ដូចគ្នា ហិហិ.. ខ្ញុំក៏ស្តាប់តែពេលធ្វើការដែរ គឺការងារណាដែលអត់ប្រើខួរក្បាល បើប្រើខួរក្បាលគឺច្របូកច្របល់អស់ហើយ!! >w<
ខ្ញុំស្រែជាងគេ អត់ចេះធ្វើអ្វីពីរក្នុងពេលតែមួយទេ!!!! ពេលអានរឿង ចូលចិត្តស្ងប់ស្ងាត់ អោយតែលឺភ្លេង គឺបែកអារម្មណអស់ហើយ (ចង់និយាយថាអានចប់ តែសរុបមកអត់ដឹងសាច់អីសោះ, មិនដឹងសាច់រឿងចង់និយាយពីអ្វី)!!!
ដូចខ្ញុំដែរតើ! បើអានសៀវភៅ ចម្រៀងអត់ស្តាប់ទេ គឺទាល់តែបោសផ្ទះ បោកខោអាវ លាងចាន ដាំបាយ… ។ល។ គឺការងារណាដែលអត់ប្រើខួរក្បាលគិត ទើបស្តាប់បាន បើអានសៀវភៅ និងស្តាប់ចម្រៀងក្នុងពេលតែមួយគឺទៅមិនរួច តែបើសរសេររឿងវិញ គឺត្រូវប្រើវិធីដូចខាងលើ ទើបបានផល ហិហិ.. វាឡូយត្រង់ហ្នឹងដែរ! 😉
ឡូយម៉ាយ៉ាងដែរ 🙂
ថ្ងៃមុនមើលអត្តបទនេះហើយក៏ហីៗ ធម្មតាទេៅ មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ តែម្សិលមិញកំពុងអង្គុយ បុគឃីង ប្រតិបត្តការ ចូល system (ធ្វើខុស រកកំហុស មិនឃើញសោះ) ស្រ្តេស មែនទេ ក៏នឹកឃើញឆែកទូរសព្ទ័រកមើលបទចំរៀងមើល ថាតើមានបទណាដែលគួរស្តាប់!! (រាល់ដងចូលចិត្តមើលតែខារាអូខេ អត់សូវចូលចិត្តស្តាប់ Mp3ទេ ទោះបីស្តាប់ ក៏ចូលចិត្តតែបទខ្មែរដែរ តែលើកនេះចង់ធ្វើតាមការណែនាំរបស់អ្នកនិពន្ធសាកមើល ក៏សំរេចចិត្តថាស្តាប់បទអង់គ្លេសសាកមើលម្តង!!! ស្តាប់បទអង់គ្លេសបើកតិចៗ ស្តាប់ប្រហែលបីបួនបទ មានអារម្មណ៍ធូស្រាលមែនទែន (និយាយពិតមែន) រួចបន្តរស្វែងរកកំហុសបន្តរ, កំហុសត្រូវបានរកឃើញនូវពេលនោះដែរ!!!
បទអង់គ្លេសរាប់សិបបទក្នុងទូរសព្ទ័ តែមិនដែលចង់យកត្រចៀកស្តាប់សោះ, យ៉ាបហ្មងងង!!! មានរបស់ប្រើ តែមិនដែលប្រើ!!! មិនសាក ល្បងនេៅតែអត់ដឹង!!!
សប្បាយចិត្តដែលដឹងថាអត្ថបទនេះមានប្រយោជន៍ចំពោះអ្នកអាន ដូចជា រ៉ាវី ជាដើម! 😉