បំរែបំរួលពត៌មាន៖
ប្រកាស
មតិ

សុក្រឹត​ បិទ​ភ្នែក​​ស្រមៃ​ឃើញ​រូប​ភាព​ខ្លួន​ឯង​កាន់កាំ​បិត ​​កាប់​ចិញ្ច្រាំ​សាក​សព​ដាវីន​​ចេញ​ពី​គ្នា​ជាដុំៗ​ ក្បាល​ខ្ទាត​ទៅ​ម្ខាង​ ពោះ​វៀន​ពោះ​តាំង​​​​ធ្លាយ​ចេញ​មក​គរ​លើ​ឥដ្ឋ​ ចោល​​ក្លិន​ឆ្អាប​ឈាម​​ស្អុយ​គគ្រុក​ គេ​ត្រូវ​តែ​​ចិញ្ច្រាំ​… ចិញ្ច្រាំ​… ចិញ្ច្រាំ​… កាត់​ក​ដៃ ​ម្រាមដៃ​​ជា​កង់​តូចៗ​ យក​ដាក់​ក្នុងថង់​ ហើយ​​ដឹក​ជញ្ជូន​ចេញ​ទៅ។

សុក្រឹត​រមូល​ពោះ​វៀន ហើយ​ក្អួត​​វ៉ក​ៗ​ចេញ​មក​ទៀត​​។ ក្នុង​បំពង់​ក​មាន​តែ​ជាតិ​ជូរ​និង​ល្វីង​​ឡើង​​ណែន​ច្រាល​​ រហូត​ដាំ​ក្បាល​ធ្លាក់​ពី​លើ​គ្រែ​​ ប្រញាប់​ប្រវេ​ប្រវាឡើង​អង្គុយ​​ អស់​កម្លាំង​កំហែង​រលីង​​។

ទេ… ខ្ញុំ​ធ្វើ​មិន​បាន​ទេ វា​សាហាវ​ព្រៃ​ផ្សែ​ពេក​ហើយ​។

នោះ​មិន​មែន​ជា​ទង្វើ​របស់​មនុស្ស​ទេ​។

ត្រូវតែធ្វើបាននោះជាមធ្យោបាយតែមួយ​​ដែលនៅសល់​​។ ដាវីនស្លាប់ទៅហើយ នាងគ្មានការឈឺចាប់អ្វីទាំងអស់ទោះបីជាឯងធ្វើយ៉ាងណា ជាមួយសាកសពនោះក៏ដោយក្រោក​​​ឡើង…​ ទៅទិញ​​​កាំ​​បិតប៉័ងតោធំៗនិងកូនកាំបិតមុតៗមកផង។

សតិ​សម្បជញ្ញៈ​នៃ​ការ​យក​រួច​ខ្លួន និង​បទ​ដ្ឋាន​សង្គម​​ កំពុង​ប្រឆាំង​គ្នា​យ៉ាង​ខ្លាំង​ក្លា​។

​សុក្រឹត​បិទ​ភ្នែក​នៅ​ស្ងាត់​ស្ងៀម​ ​តំណក់​ទឹក​ក្តៅ​​ឧណ្ហៗ​ ស្រក់​ចេញ​ពី​កែវ​​ភ្នែក​ទាំង​សង​ខាង​​។ ណ្ហើយ​ចុះ បណ្តោយ​ឲ្យ​ប៉ូលីស​​មក​ចាប់​ញាត់​គុក​ ឬ​​បាញ់​សម្លាប់តាម​តែ​កម្ម​ពៀរ​​ចុះ​ ព្រោះ​គេ​​ធ្វើ​មិន​បាន​ពិត​មែន។

កំលោះ​ខ្សឹក​ខ្សួល​គ្មាន​សំឡេង ព្រម​ចុះ​ចាញ់​ចំពោះ​​​ព្រេង​វាសនា​។

តែ​… វា​ខ្សឹប​​ក្បែរ​ត្រចៀក​។

កុំ​ប្រញាប់​ចុះ​ចាញ់​អី ឯង​នៅ​មាន​ផ្លូវ​ដើរ​​ទៀត​​។ សាក​បង្វែង​ដាន​ឃាតកម្ម​ទៅ! បើ​ទុក​សាក​សព​ចោល​បែប​នេះ​ ពេទ្យ​ពិត​ជា​ពិនិត្យ​ឃើញ​ថា នាង​ត្រូវ​គេ​ខ្ទប់​ច្រមុះ​សម្លាប់​​​​មិន​ខាន​។

ហេតុ​អ្វី​ មិន​គ្រវែង​សាក​សព​ចុះ​ទៅ​ក្រោម​ ហើយ​ប្រាប់​គេ​ឯង​ថា នាង​លោត​ចុះ​ទៅ ដោយ​ខ្លួន​ឯង​? ប៉ូលីស​ច្បាស់​ជា​មិន​សង្ស័យ​ទេ។ ​ប្រឌិត​​​រឿង​​ឲ្យ​ដូច​ការ​ពិត​បន្តិច​របួស​ផ្សេងៗ​ទៀត​ក៏​គ្មាន ឯង​ប្រហែល​ជា​អាច​រួច​ខ្លួន​។

មែន​ហើយ! សុក្រឹត​ភ្លឺ​ភ្នែក​ច្បាស់​​ទែង។​​ គេ​ដោល​ខ្លួន​ក្រោក​ចេញ​ពី​​គ្រែ​ ហេតុ​អ្វី​យើង​ល្ងង់​បែប​នេះ? គ្រវែង​ចុះ​តែ​ម្តង​ទៅ កម្ពស់​របស់​សណ្ឋាគារ​ប្រាំ​បី​ជាន់​​ ប្រហែល​ជា​ជួយ​ឲ្យ​រាង​កាយ​របស់​នាង​​ខ្ទេចខ្ទី​ រហូត​គ្មាន​ពេទ្យ​ឯណា​ចង់​ពិសោធមើល​ ឬ​ពិនិត្យ​ដែរ​តែ​មិន​ជ្រាប​សាហេតុ​ពិត​ប្រាកដ​។​ ស្លាប​អគារ​ផ្នែក​នេះ​ ក៏​ជា​​ទី​ធ្លា​ចត​យាន​យន្ត​​ មិន​សូវ​មាន​មនុស្ស។​ លុះ​​ទម្លាក់​សាក​សព​រួច​​ ក៏​ធ្វើ​ជា​មក​ដេក​លក់​​ ក្លែង​​ជា​មិន​ដឹង​ថា​ នាង​លោត​ចុះ​តាំង​ពី​ថ្មើរ​ណា​។

សុក្រឹត​នឹក​អរ​ភ្ញោច​ៗ​ ស្ទើរ​ហើប​ជើង​ផុត​​ពី​ដី​។ ផ្លូវ​រួច​ខ្លួន​​ជួយ​ដាស់​​សេចក្តីសង្ឃឹម និង​​ភាព​ស្វាហាប់​របស់​គេ​ឲ្យ​​ត្រឡប់​មក​វិញ​។ គេ​រត់​សំដៅ​ទៅ​បង្អួច​កញ្ចក់​ ប្រើ​ក្រដាស​អនាម័យ​ទ្រាប់​​ផ្ទៃ​​កញ្ចក់ រុញ​ទៅ​​ម្ខាង​​ឲ្យ​​បើក​ចំហ​ធំ​​តាម​ដែល​អាច​ធ្វើ​បាន​ ដោយ​មិន​ឲ្យ​មាន​ស្នាម​ក្រយៅ​ដៃ​ជាប់​នឹង​កញ្ចក់​ដាច់​ខាត​។

ខ្យល់​ត្រជាក់​ពី​ខាង​ក្រៅ​បក់​វូ​​ចូល​មក​។ ខ្យល់​បរិសុទ្ធ​ ចូល​មក​ជំនួស​ក្លិន​ស្អុយ​ឆួល​នៅ​ក្នុង​បន្ទប់​​។ សុក្រឹត​ ឈ្ងោក​មុខ​មើល​​ទៅ​ក្រោម​​។ ទីធ្លា​ចាក់​បេតុង​​ធំ​ទូលាយ និង​ងងឹត​គ្មាន​មនុស្ស​ម្នាក់​​។ ប៉ម​អ្នក​យាម​នៅ​ឆ្ងាយ​ពី​នេះ​ជិត​មួយ​រយ​ម៉ែត្រ​ ជឿ​ថា​ សំឡេង​សាក​សព​ធ្លាក់​​ផ្ទប់​ដី​ គង់​​​មិន​ឮ​ដល់​ទេ។

​សំណាង​ល្អ​ដែល​សុក្រឹត​មិន​បាន​បើក​ភ្លើង​ ​បើ​មិន​ដូច្នោះ​ ពេល​​អ្នក​​យាម​​ក្រឡេក​​មក​លើ​ ​ពិត​ជា​អាច​​មើល​ឃើញ​គេ​ជា​អ្នក​បើក​បង្អួច​មិន​ខាន​​។

នៅពេល​ពិនិត្យ​មើល​រហូត​ច្បាស់​ក្នុង​ចិត្ត​ហើយ​ សុក្រឹត​ក៏​ថយ​មក​រម្លឹក​រឿង​រ៉ាវ​សា​ជា​ថ្មី។ គេ​នឹង​ប្រឌិត​រឿង​ថា មាន​ទាស់​សម្តី​គ្នា​បន្តិច​បន្តួច​​រឿង​​​ប្រចែ​ប្រចណ្ឌ​ អ្នក​នៅ​បន្ទប់​ជិត​ខាង​អាច​ជួយ​​ធ្វើ​ជាសាក្សី​បាន​​។ ក្រោយ​មក​ គេ​​ក៏​និយាយ​លួង​លោម​​រហូត​​បាន​យល់​ចិត្ត​គ្នា​​​ ហើយ​ក៏​មាន​សេច​ក្តី​សុខ​ជាមួយ​គ្នា​ ដែល​ត្រង់​នេះ​អ្នក​បម្រើ​សណ្ឋាគារ ​អាច​ជួយ​ធ្វើ​ជាសាក្សី​បាន​​។ បន្ទាប់​ពី​នោះ​គេ​ក៏​អស់​កម្លាំង​​លង់​លក់​ទៅ ឯ​ខាង​ស្រី​ប្រហែល​ជា​គិត​ច្រើន​ពេក​ ក៏​​លួច​បើក​បង្អួច​លោត​​​សម្លាប់​ខ្លួន​។

​​អាច​ប្រើ​ការ​បាន មាន​ហេតុ​មាន​ផល មាន​ទាំង​សាក្សី​ទៀត!

រឿង​ចុង​ក្រោយគឺ គ្រវែង​នាងចុះទៅ!  សាក​សព​គ្មាន​អារម្មណ៍​ឈឺ​ចាប់​ ក្តៅ​ត្រជាក់​អី​ទាំងអស់​ មនុស្ស​ឯណេះ​តើ ដែល​ត្រូវ​នៅ​រង​ទុក្ខ​វេទនា​យូរ​សែន​យូរ​ទៀត​។

សុក្រឹត​ ដើរ​ត្រឡប់​ទៅ​កាន់​គ្រែ​​។ ក្នុង​បន្ទប់​ងងឹត​ឈឹង​ តែមិន​មែន​ជា​រឿង​ពិបាក​ទេ បើ​គ្រាន់​តែ​លូក​ដៃ​ចូល​ទៅ​ក្រោម​គ្រែ​។

គេ​ចាប់​ប៉ះ​ក្បាល​​ត្រជាក់​ស្រឹប​ និង​សក់​រឹង​ក្តាំង​​។ ណ្ហើយ​! កុំ​ទៅ​ខ្វល់​អី មនុស្ស​ស្លាប់​ហើយ​ ចាប់​​​ត្រង់​ណា​ក៏​ដូចតែ​គ្នា​ មិន​បាច់​យក​ចិត្ត​ទុក​ដាក់​ពេក​ទេ។ សុក្រឹត​យក​​ម្រាម​ដៃ​ច្បាម​​ក្បាល​ ​អូស​ខ្លួន​សាក​សព​រឹង​កំព្រឹសសំដៅ​ទៅ​មាត់​បង្អួច​​។​​ ក្លិន​ស្អុយ​ជះ​ឆួល​កាន់​តែ​ខ្លាំង​ ស្រប​​​ពេល​ដែល​សាក​សព​​អូស​ចេញ​ផុត​ពី​​​ក្រោម​គ្រែ។​ ​កំលោះ​​គ្រញែង​ខ្លួន​ ​ញញើត​ញញើម ​​ព្រឺ​សម្បុរ​​ខ្ញាក​ៗ ​នៅ​ពេល​​ប៉ះ​ត្រូវ​សាច់ប៉ោងៗ​​ត្រជាក់​ល្អូក​ដូច​ជក់ខ្យល់​។

សុក្រឹត​​អត់​ដង្ហើម​រាប់ ​មួយ​ ពីរ​ បី​ បិទ​ភ្នែក​បិទ​ត្រចៀក​​ ទម្លាក់​រាង​កាយ​ដែល​គ្មាន​វិញ្ញាណ​​ចុះ​តាម​បង្អួច​​។ សាក​សព ​រសាត់​​ធ្លាក់​ទៅ​លើ​ទីធ្លាបេតុង ​​ដែល​គ្មាន​មនុស្ស​​​ណា​​ម្នាក់​នៅ​ទី​នោះ​​។ សំឡេង​​ធ្លាក់​ក្ឌុក​លាន់​ពី​ក្រោម​មក​លើ​ ហើយ​គ្រប់​យ៉ាង​ក៏​ត្រឡប់​មក​ក្នុង​សភាព​ស្ងាត់​ជ្រងំ​​ម្តង​ទៀត​​។ ក្លិន​ស្អុយ​​នៅ​ក្នុង​បន្ទប់សាប​រលាប​​បាត់​បន្តិច​ម្តងៗ​។ ខ្យល់​ត្រជាក់​ពីខាង​ក្រៅ​នៅ​តែ​បក់​រសៀក​ចូល​មក​។ គេ​គ្មាន​បំណង​នឹង​បិទ​បង្អួច​នេះ​ទេ ព្រោះ​​អាច​ក្លាយ​ជា​ពិរុទ្ធ​ឲ្យ​ប៉ូលីស​ចាប់​ថ្នាក់​​បាន។​ មនុស្ស​​ដែល​លោត​សម្លាប់​ខ្លួន​ទៅ​ហើយ តើ​អាច​ត្រឡប់​មក​បិទ​បង្អួច​វិញ​យ៉ាង​ម៉េច​កើត? គេ​​គិត​បាន​ហ្មត់​ចត់​ខ្លាំង​​ណាស់​។

សុក្រឹត ​ប្រះ​ខ្លួន​​បិទ​ភ្នែក​ដេក​ មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ យ៉ាងណា​​​វាក៏​​ជា​ផ្លូវ​រួច​ខ្លួន​​មួយ​ដែល​មើល​ឃើញ​ពី​ចម្ងាយ​ស្រាប់​ទៅ​ហើយ សុំ​តែ​គ្រប់​គ្រង​​អារម្មណ៍​ឲ្យ​ល្អ​ សម្តែង​ល្ខោន​ឲ្យ​ដូច​ការ​ពិត​​។ នៅពេល​មាន​មនុស្ស​ឃើញ​សាក​សព​ នោះ​គឺ​ជា​ពេល​​កំណត់​ជោគ​វាសនា​របស់​គេ​។

បន្ទាប់​ពី​នោះ​ជិត​មួយ​ម៉ោង​ សុក្រឹត​ក៏​​ឮ​សំឡេងអ៊ូអែ​​ល្វើយ​ៗ​ពី​ខាង​ក្រោម។​ ប្រហែល​ជា​មាន​មនុស្ស​ឃើញ​សាក​សព​ហើយ​! មួយ​សន្ទុះ​ ក៏មាន​សំឡេង​ឡាន​ពេទ្យ​ ​លាន់​មក​ពី​ចម្ងាយ​ អាច​នឹង​មាន​ប៉ូលីស​តាម​មក​ជាមួយ​ផង​។ គេ​មិន​ហ៊ាន​ក្រោក​ទៅ​មើល​ទេ។

មិន​ដល់​ដប់​នាទី សំឡេង​ស្បែក​ជើង​​​យ៉ាង​តិច​​បួន​គូ​​ ដើរ​ជា​ចង្វាក់​ញាប់​រន្ថើន​​ចេញ​ពី​ជណ្តើរ​យន្ត​មក​ឈប់​នៅ​មុខ​បន្ទប់​​គេ​។

«​នេះ​គឺ​ភ្នាក់​ងារ​​ប៉ូលីស សូម​បើក​ទ្វារ​ជា​​បន្ទាន់​!»

សុក្រឹត​រង់​ចាំ​ឲ្យ​ប៉ូលីស​ហៅ​ជា​លើក​ទី​ពីរ​ ទើប​ព្រម​ឆ្លើយ​តប។​​ គេ​ធ្វើ​​ជា​​​ក្រោក​មមីមមើ​ទៅ​បើក​ទ្វារ​​​ ហើយបើក​ភ្លើង​ក្នុងបន្ទប់​ ដើម្បី​បង្ហាញ​​ភាព​ស្អាត​ស្អំ​។ ប៉ូលីស​បួន​នាក់ និង​អ្នក​បម្រើ​សណ្ឋាគារ​​មាឌ​ធំ​ម្នាក់​ឈរ​​ធ្វើ​មុខ​តាន​តឹង​នៅ​មុខ​បន្ទប់​។

«​មាន​រឿង​អី​ឬ?» កែវ​ភ្នែក​ក្រហម​ជាំ​ព្រោះ​​អត់ងងុយ​ មើល​ទៅ​ស័ក្តិ​សម​ការ​ពិត​​។

«​ប៉ូលីស​បាន​ប្រទះ​ឃើញ​សាក​សព​ស្ត្រី​​ម្នាក់ ​​ធ្លាក់​នៅ​ត្រង់​ទីធ្លាចត​យាន​យន្ត​ដែល​មាន​​ទី​តាំង​ចំ​នឹង​​បន្ទប់​របស់​លោក​ ហើយ​ឃើញ​បង្អួច​បន្ទប់​របស់​លោក​​បើក​ចំហ​ចោល​ សន្និដ្ឋាន​​ថា​​មាន​រឿង​​ឃាតកម្ម​កើត​ឡើង​​នៅ​ក្នុង​បន្ទប់​នេះ ដូច្នេះ​​សុំ​​លោក​ជួយ​សហការ​​ផ្តល់​ការសាក​​សួរ​ចម្លើយ​ និង​​ឲ្យ​ភ្នាក់​ងារ​ប៉ូលីស​ចូល​ត្រួត​​ពិនិត្យ ​រក​​មើល​ស្លាក​ស្នាម​​ការ​ធ្វើ​​ឃាត ​​នៅ​​ក្នុង​បន្ទប់​​នេះ​​​ផង​។»

«​ឃាត​កម្ម​…?» សុក្រឹត​វិល​ក្បាល​ខ្ញាល់​ ដៃ​ញ័រ​ទទ្រើត​ «​មិន​មែនទេ​ដឹង សាក​សព​នោះ​គឺ​ជា​សង្សារ​របស់​ខ្ញុំ​ផ្ទាល់​។ យើង​ទាស់​សម្តី​គ្នា​បន្តិច​បន្តួច​។ ​ប្រហែល​ជា​នាង​គិត​ច្រើន​ពេក​ក៏​​​លោត​​សម្លាប់​ខ្លួន​ពេល​​​ខ្ញុំ​ដេក​លក់​ក៏​ថា​បាន​!»

ប៉ូលីស​មើល​មុខ​គ្នា​ «​លោក​ប្រាកដ​ហើយ​ ថា​សង្សារ​របស់​លោក​ លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ?»

«​ប្រាក​ដ​ហើយ​ ព្រោះ​​មុន​ពេល​ខ្ញុំ​​ដេក​លក់ ខ្ញុំឃើញ​នាង​អង្គុយ​ស្ងៀម​ស្ងាត់​ម្នាក់​ឯង​ក្បែរ​​មាត់​បង្អួច​ នាង​ប្រហែល​ជា​​គិ​ត​ខ្លី​។» សុក្រឹត​ធ្វើ​មុខ​ក្រៀម​ក្រំ​​ សម​ដូច​ការ​ពិត​​ឥត​ខ្ចោះ​។

«​ប្រហែល​មិន​មែន​ទេ​​ រៀន​សម្លឹង​មើល​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​សិន​ទៅ​ នាង​ប្រហែល​​ជា​មិន​បាន​សម្លាប់​ខ្លួន​ក៏​ថា​បាន​។ នាង​អាច​​នឹង​ខឹង​លោក​ខ្លាំង​ពេក​ ហើយ​លួច​រត់​ចេញ​​ទៅ​ផ្ទះ​មុន​ក៏​ថា​បាន​។» សុក្រឹត​មិង​មាំង​ ប៉ូលីស​និយាយ​អីហ្នឹង?

«​តែ​អម្បាញ់​មិញ​ លោក​ប៉ូលីស​ប្រាប់​ថា បាន​ប្រទះ​ឃើញ​សាក​សព​របស់​នាង​ តើ​បាន​ន័យ​ថាម៉េច​វិញ​?»

«​អ៎… សាក​សព​ដែល​ខ្ញុំ​ប្រាប់​អម្បាញ់​មិញ គឺ​ជា​​សាក​សព​របស់​ស្ត្រី​ចំណាស់​ម្នាក់​​ ដែល​​ស្លាប់​រហូត​សាក​សព​ចាប់​ផ្តើម​ធុំ​ក្លិន​ទៅ​ហើយ ដែល​សន្និដ្ឋាន​ថា គាត់​ប្រហែល​ជា​ត្រូវ​​គេ​សម្លាប់​មុន​នេះ​មួយ​ថ្ងៃ​ មុន​ពេល​​លោក​មក​ស្នាក់​នៅ​ មាន​ស្នាម​រឹតខ្សែ​​​ជុំ​វិញ​ក​​យ៉ាង​ច្បាស់​ ហើយ​សាក​សព​ប្រហែល​ជា​ត្រូវ​លាក់​ទុក​នៅ​​កន្លែង​ណា​មួយ​​ ដូចជា ​ក្រោម​គ្រែ​​ ដោយ​អ្នក​ដែល​មក​ស្នាក់​នៅ​បន្ទាប់​ពី​ឃាតករ​​មិន​ដឹង​រឿង​ តែ​វា​ជា​រឿង​ចម្លែក​ ដែល​មាន​នរណា​ម្នាក់​​លួច​​ទម្លាក់​សាក​សព​​នេះ​តាម​បង្អួច​បន្ទប់​របស់​លោក​កាល​ពី​មួយ​ម៉ោង​មុន​នេះ​​។»

សុក្រឹត​ ទម្លាក់​ខ្លួន​​​ចុះ​លើ​កម្រាល​ឥដ្ឋ​ បំពង់​ក​ស្ងួត​ចែស​អស់​សម្តីតប​។

«​អេ៎! នោះ​ជា​ស្អី??»​ ប៉ូលីស​ម្នាក់​ចង្អុល​ទៅក្រោម​​​គ្រែ​​។ មាន​ជើង​ស្លេកស្លាំង​តូច​មួយ​​​លៀន​​​ស្តឹល​ចេញ​មក​ក្រៅ​គ្រែ​បន្តិច​។

«​គឺ​ជា​ជើង​របស់​សង្សារ​លោក​ទេ​ដឹង???»

 

***

ចប់

នៅ​ឆ្នាំ​២០០៥​ ខ្ញុំ​បាន​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​មួយ ​ក្នុង​ខេត្ត​កំពង់​ចាម​ ដើម្បី​ត្រៀម​ប្រលង​សិស្ស​ពូកែ​​នៅ​ទីនោះ​។ ពេល​នោះ​ មាន​គូ​សង្សារ​មួយ​គូ ​ដេក​ក្នុង​បន្ទប់​ទល់​មុខ​ខ្ញុំ​​ឈ្លោះ​ប្រកែក​គ្នា ​ឮ​សំឡេង​ស្រែក​ចេញ​មក​ក្រៅ​។ តា​ម្ចាស់​ផ្ទះ​សំណាក់​បាន​គោះ​ទ្វារ​ហៅ​ឲ្យ​ពួក​គេ​ចេញ​មក​ក្រៅ ​បើ​មិន​ត្រូវ​រ៉ូវ​គ្នា​ទេ កុំ​មក​ដេក​នៅទីនេះ។ ពេល​នោះ​គូ​សង្សារ​ទាំង​ពីរ​ក៏​ស្រែក​ពី​ក្នុង​បន្ទប់​មក​វិញ​ថា អត់​មានរឿង​អីទេ ពួក​គេគ្រាន់​តែ​ប្រឡែង​គ្នា​ប៉ុណ្ណោះ។

…ហើយ​នេះ​ គឺ​ជា​រឿង​ប្រឌិត​មួយ​ ​ដែល​កើត​ចេញ​ពី​ហេតុ​ការណ៍​ថ្ងៃ​នោះ… «​សាក​សព​ក្រោម​គ្រែ» ក្រោយ​អាន​ចប់​ ជឿ​ថា​ គ្រប់​គ្នា​នឹង​បះ​សក់!!!

 

សុ​ក្រឹត​​ ​គិត​ថា​ ការពិត​ទៅ ខ្លួន​ឯង​​​គ្មាន​ចេតនា​សម្លាប់​នាង​ទេ។

មិន​ដឹង​ដែរ! អាច​មក​ពី​អារម្មណ៍​ខឹង​មួយ​ឆាវ​​របស់​គេ​ក៏​ថា​បាន តែ​​អ្វី​ដែល​ប្រាកដ​​​នោះ​គឺ​ ពេល​នេះ​នាង​កំពុង​ដេក​ស្តូក​ស្តឹង​ ​​ខ្លួន​ស​​ស្លេក ​​អត់​​ដក​ដង្ហើម​នៅ​លើ​គ្រែពូក​​ចាស់ៗ​មួយ​​។

មនុស្ស​យើង​ក្រោយ​​ពេល​ស្លាប់​ មិន​​បាន​បន្សល់​​ទុក​​​​អ្វី​ ដែល​ជា​​សោភ័ណ​ភាព​គួរ​​ឲ្យ​ត្រេក​ត្រអាល​​​សោះ​។ ពី​នារី​​ស្បែក​ស​រលោង​​ បបូរ​មាត់​ក្រហម​ប្រឿងៗ​ ត្រឡប់​ក្លាយ​ជា​សាក​សព​រឹង​កំព្រឹស​ ភ្នែក​ស្លឺ មាត់​ចំហ​ឃើញ​ធ្មេញ​កខ្វក់ ធ្វើ​ឲ្យ​ស្រមៃ​ឃើញ​រូប​ភាព​មេរោគ​កំពុង​​ពពាក់​​ពពូន​​គ្នា​​ដណ្តើម​ខ្ញាំ​កកេរ​ស៊ីស្បែក​​​​ដែល​​មាន​សភាព​​​ស្លេ​ក​ស្លាំង​​ដូច​សត្វ​ជីង​ចក់​​​​។

«​ជីវិត​» គ្រាន់​តែ​ជា​ខ្សែ​ជ័យ​ឆ្មារ​ៗ​មួយ​​ ដែល​មាន​គោល​ដៅ​ចុង​ក្រោយ ​គឺ​សេចក្តី​ស្លាប់​​។ សភាវគតិ​នៃ​សេចក្តី​ស្លាប់​ ​វិវឌ្ឍន៍​មក​ពីសេចក្តី​ឃ្លាន​ពាន ​ និង​​ត្រូវ​បង្ខាំង​ទុក​​ដោយ​​ក្រម​សីលធម៌​ ប្រពៃ​ណី​ និង​បទ​ដ្ឋាននៃ​ច្បាប់​បញ្ញត្តិ​។ នេះ​ជា​រឿង​ហួស​វិស័យ​មួយ​​ ដ្បិត​​​មនុស្ស​​នៅ​មាន​​សេចក្តី​​​ស្រេក​ឃ្លាន​​​ ក្នុង​ការកាប់​សម្លាប់​​គ្នា​ទៅវិញ​ទៅ​មក ​​​ព្រោះ​ទំនោរ​នៃ​ការ​​បំផ្លិច​បំផ្លាញ​​គ្នា​​​ បាន​ចាក់​ឫស​​ចូល​ជ្រៅ​ទៅ​ក្នុង​សរីរាង្គ​​របស់​មនុស្ស​​​ទៅ​ហើយ​។ នៅពេល​ដល់​ចំណុច​​​កំណត់​ណា​​មួយ​ មនុស្ស​នឹង​ស្រេក​ឃ្លាន​ការកាប់​សម្លាប់​គ្នា​​​វិញ​។​

សម្លាប់​​សូម្បី​តែខ្លួន​ឯង​!

សំឡេង​មនុស្ស​គោះ​ទ្វារ​។ បុរស​រាង​ស្គ​ម​ ភ្ញាក់​ព្រើត​​។ រឿង​​ដំបូង ដែល​គេ​​នឹក​ដល់​ គឺ​     ប៉ូលីស។ អ្នក​ស្នាក់​នៅ​បន្ទប់​ជិត​ខាង ​ប្រហែល​ជា​បាន​ឮ​សំឡេង​ឈ្លោះ​គ្នា​ ហើយ​លួច​មើល​ឃើញ​គេ​យក​ខ្នើយ​ខ្ទប់​ច្រមុះ ​ដាវីន​។ ជញ្ជាំង​បន្ទប់​សណ្ឋាគារនៅ​តាម​ខេត្ត​ចាស់ និង​មាន​រន្ធ​ប្រហោង​​ច្រើន​អាច​លួច​មើល​បាន​។

គេ​ក្រឡេក​​ទៅ​មើល​សាក​សព​នៅ​លើ​គ្រែ​​។ បើ​ប៉ូលីស​នៅ​មុខ​បន្ទប់​… ប្រាកដ​ណាស់! គុក​គឺ​ជា​កន្លែងស្នាក់​នៅ​បណ្តោះ​អាសន្ន​ មុន​នឹង​មាន​ការ​ជំនុំ​ជម្រះ​ក្តី​។

«​តុលាការបានពិចារណារួចហើយឃើញថា ជនល្មើសបាន​​ធ្វើឃាតនារីដែលធ្លាប់ជាសង្សាររបស់ខ្លួនដើម្បីបដិសេធការទទួលខុសត្រូវ​​ លើការមានទម្ងន់ពីរខែរបស់សាកសពដែលនេះជាអំពើព្រៃផ្សៃ​​ហួសវិស័យ​​របស់មនុស្សមិនគួរ​​ទទួលបានការអភ័យទោសជាដាច់ខាត។ដូច្នេះ​​​ជនល្មើស​​​ត្រូវទទួលទោសតាមច្បាប់​​ជាធរមានឲ្យជាប់ពន្ធនាគារមួយជីវិត​…»

សុក្រឹត​ ឈឺ​ក្បាល​​ខ្ទោក​ៗ​។

សំឡេង​គោះ​ទ្វារ​លាន់ឮ​ម្តង​ទៀត​។ លើក​នេះ​ឮ​ខ្លាំង​ជាង​មុន​។

​គេ​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​។ មែន​ហើយ​… ​យ៉ាង​ហោច​ណាស់ ​ក៏​មិន​ត្រូវ​​ឲ្យ​ប៉ូលីស​ឃើញ​សាក​​សព​​នៅពេល​នេះ​ដែរ​​​។ ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ​… យក​សាក​សព​ទៅ​លាក់​ទុក​​សិន​​។ មែន​ហើយ​… មែន​ហើយ​ យក​សាក​សព​ទៅ​លាក់​សិន ហើយ​រៀប​ចំ​កន្លែង​ដេក​ឲ្យ​ស្រួល​ រួច​សឹម​​បើក​ទ្វារ​ឲ្យ​ប៉ូលីស​ចូល​មក​​ ពន្យល់​ប្រាប់​ថា គ្មាន​រឿង​អ្វី​កើត​ឡើង​​ទេ​ ប្រហែល​ជា​សំឡេងបើក​​ទូរទស្សន៍​ខ្លាំង​ពេក​​ ធ្វើ​ឲ្យ​អ្នក​​ដេក​នៅ​បន្ទប់​ក្បែរ​នេះ​យល់​ច្រឡំ​​ សុំ​ទោស​ផង​ ពេល​នេះ​បន្ថយ​សំឡេង​ហើយ ​​​សន្យា​ថា​​​ មិន​ធ្វើ​ទៀត​ទេ​​ ខ្ញុំ​សន្យា​។

ពិតមែនណ៎ាខ្ញុំសន្យាថាមិនសម្លាប់នរណាទៀតទេ!

ព្រះ​អើយ! កុំ​ភ្លាត់​មាត់​និយាយ​ចេញ​មើល៍ អាល្ងង់!!!

បុរស​រាង​ស្តើង​​ដោល​ខ្លួន​ក្រោក​ឡើង។​ ​ខ្លួន​គេ​រេ​ទៅ​មក​​ដូច​ចង់​ដួល​ អស់​កម្លាំង​ពី​ក្នុង​ខ្លួន​រលីង មុខ​ស្លក់​​គ្មាន​ឈាម​មួយ​តំណក់​​​។ ដៃ​គេ​ញ័រ​​ទទ្រើក ​ពេល​លូក​ទៅ​កាន់​ជើង​​សាក​សព​ ដែល​មាន​សភាព​​​ស្លេក​​ស្លាំង ​ត្រជាក់​​​ល្អូក​​ ធ្វើ​ឲ្យ​ញញើត​ញញើម​ រក​កលចង់​​ក្អួត​ម្តង​ៗ​។ ភាព​​​តាន​តឹង​ បាន​សម្រុក​ចូល​មក​​ញាំ​ញីគេ​ ឲ្យ​ចំកោង​ខ្នង​ក្អួត​ចង្អោរ​ ច្រាល​​ខ្យល់​ចេញ​​ពីពោះ​​​វ៉កៗ​។ សុក្រឹត​​​ប្រឹង​អត់​ដង្ហើម ​ប្រើ​ដៃ​ទាំង​ពីរ​ចាប់​ជើង​សាក​សព ​​អូស​មក​ខាង​ចុង​គ្រែ​​ទាញ​ដោយ​ទាំង​កម្រាល​ពូក​​របូតជ្រុះ​មក​ជាមួយ​។

អា​ល្ងង់! ម៉េច​មិន​បី​ទៅ បើ​​អូស​ កន្លែង​ដេក​​នឹង​ខ្ញុ​ក​ខ្ញូវ​​ ហើយ​ប៉ូលីស​នឹង​សង្ស័យ​។

បី​សាក​សព​ខ្មោច​ឬ? គ្មាន​ផ្លូវ​ទេ ស្លាប់​វិញ​ល្អ​ជាង!!!

សំឡេង​គោះ​ទ្វារ​លាន់​គ្រាំង​ៗ​ម្តង​ទៀត​។

«​មាន​នរណា​នៅ​ទេ? សូម​បើក​ទ្វារ​ផង!»

សុក្រឹត​អត់​ដង្ហើម ​​កន្ត្រាក់​សាក​សព​ដែល​​ធ្លាប់​ជា​គូស្នេហ៍​​មួយ​ទំហឹង​ ​ធ្វើ​ឲ្យ​រាង​កាយ​របស់​នាង​ធ្លាក់​ខ្ពាក​ទៅ​​​​លើ​ឥដ្ឋ​លាន់​គ្រាំង​​​។ កែវ​ភ្នែក​​របស់​សាក​សព​បើក​ក្រឡើត ​ដូច​កំពុង​សម្លឹង​មើល​សកម្មភាព​​របស់​​​អតីត​សង្សារ​​។ សុក្រឹត​​ព្រឺ​រោម​ខ្ញាកៗ​ ប្រញាប់​ធាក់​​រាង​កាយ​របស់​​នាង​​​​ចូល​ទៅ​ក្រោម​​គ្រែ​។

«​សូម​បើ​ក​ទ្វារ​ឥឡូវ​នេះ បើ​មិន​ដូច្នោះ​ ខ្ញុំ​នឹង​ចាក់​សោ​ចូល​ទៅហើយ!»​

ជាយ​សំពត់​នៅ​លៀន​​ស្តឹល​ចេញ​មក​ក្រៅ​។

«​ចាំ​មួយ​ភ្លែត កំពុង​ទៅ​បើក​ហើយ​!» គេ​ប្រញាប់​យក​ជើ​ង​ឆ្កឹះ​ជាយ​សំពត់ ​ចូល​ទៅ​  ក្នុង​។​ ពេល​នេះ​ គ្មាន​ពេល​រៀប​ចំ​កន្លែង​ដេក​ទៀត​ទេ។​

សុក្រឹត​រត់​សំដៅ​ទ្វារ​ ងាក​មក​​ក្រោយ​មើល​ភាព​រៀប​រយម្តង​ទៀត​។

ឱ! ព្រះ​អើយ​… ប្រហែល​ជា​គេ​​ធាក់​ខ្លាំង​ពេក​ ទើប​ធ្វើ​ឲ្យ​​ជើង​ស្លេក​ស្លាំង​ម្ខាង​របស់​សាក​សព​ ​​លេច​ហួស​​មក​ក្រៅ​ចំហៀង​គ្រែ​ម្ខាង​ទៀត​។

សំឡេង​គ្រូកក្រាក​ ដូច​​មនុស្ស​​កំពុង​រើ​កូន​សោ​។ សុក្រឹត​ កើត​​គំនិត​ថ្មី​មួយ​រំពេច​។ គេ​ប្រញាប់​​បិទ​ភ្លើង​នៅ​ក្នុង​បន្ទប់​យ៉ាង​រហ័ស​​ ស្រាត​ខោ​អាវ​បោះ​ទៅ​ចុង​គ្រែ​​ យក​កន្សែង​ពោះ​គោ​​មករុំ​ខ្លួន​ ដក​ដង្ហើម​ចូល​វែង​ៗ​​​ហើយ​មួល​គន្លឹះ​ទ្វារ​បើក​សន្សឹម​ៗ​។ គន្លឹះ​ទ្វារ​ទង់​ដែង​ត្រជាក់​ស្រឹប​ដូច​កាន់​ដុំ​ទឹក​កក​​។ កំលោះ​រាង​ស្តើង​ ព្យាយាម​ធ្វើ​ទឹក​មុខ​​ធម្មតា​ ខណៈ​ដែល​ទ្វារ​ចាប់​   ផ្តើម​ចំហ​យឺតៗ​​ តែ​ក៏​មិន​អាច​បិទ​បាំង​ដំណក់​ញើស​​ជោក​ថ្ងាស​​របស់​គេ​បាន​។​

នៅ​ខាង​ក្រៅ​ អ្នក​បម្រើ​​សណ្ឋាគារ​មាឌធំ​​​ ឫក​ពារ​ទំនង​ជា​មនុស្ស​​រួស​រាយ​ ​​ឈរ​កាន់​ចង្កោម​សោ​​គ្រវី​ទៅមក​។ គេ​សម្លឹង​​មក​​សុក្រឹត​​យ៉ាង​ពិនិត្យ​ពិច័យ​។

«​សុំ​ទោសបង កំពុងធ្វើ​​​អី​ហ្នឹង​​ ​​ដូច​ជា​មាន​ធុំ​​ក្លិន​​ស្អុយ​ៗ​នៅ​ក្នុង​បន្ទប់?»

«​គឺ​…» សុក្រឹត​ញ័រជើង​ ស្ងួត​ក​ ខះ​សំឡេង​និយាយ​មិន​ចេញ​​។ អ្នក​បម្រើ​សម្លឹង​ឃើញ​​ភ្ញៀវ​ស្លៀក​កន្សែង​ពោះ​គោ​តែ​មួ​យចង្កេះ ក៏​ញញឹម​​យ៉ាង​មាន​កំណួច​​​។

«​ហ៊ែម​… ខ្ញុំ​មិន​គួរ​មក​រំខាន​​ពេល​វេលា ​ដ៏​មាន​សេចក្តី​សុខ​របស់​បង​សោះ! គឺ​មាន​ភ្ញៀវ​​​នៅ​បន្ទប់​​ក្បែរ​នេះ​ ​ទូរស័ព្ទ​ទៅ​ប្រាប់​ថា​ ឮ​សំឡេង​ដូច​មនុស្ស​ឈ្លោះ​គ្នា​ ហើយ​ក៏​បាត់​មាត់​បាត់​ក​​​ឈឹង​។ ​លោក​មេការ​ខ្លាច​មាន​រឿង​មិន​ស្រួល​ ​ក៏​​​ឲ្យ​ខ្ញុំ​ឡើង​មក​មើល​។»

«​អឺ…» សុក្រឹត​​និយាយ​រអាក់​រអួល​។

«​បើ​វា​បញ្ចប់​ដោយ​​ សេចក្តី​សុខ​ស្រួល​ទៅ​ហើយ​ក៏​ល្អ​ តែ​កុំ​ឲ្យ​បាក់​កម្លាំង​​ខ្លាំង​ពេក​! មើល​​​ចុះ ដៃ​ញ័រ​មិន​ទាន់​បាត់​ផង​​ សំឡេង​ក៏​ស្ងួត​អស់​ទៀត​…​ ​ប្រឹង​ពេក​ប្រយ័ត្ន​ស្លាប់​លើ​បង្គង​ នាំ​​ឲ្យ​ពិបាក​ដល់​គេឯង​ណ៎ា​!»

សុក្រឹត​ដេក​យក​ដៃគង​ថ្ងាស​​នៅ​លើ​គ្រែ​ ដោយ​មាន​សាក​សព​នារី​​អាយុ​២៤​ឆ្នាំ​​​​ ដេក​ចំហ​​មាត់ ​បើក​ភ្នែក​ក្រឡើ​ត​​ ​នៅ​ខាង​ក្រោម​​នោះ​​​។ មុខ​របស់​នាង​ដែល​មាន​ពណ៌​ស្វាយ ​ព្រោះ​អត់​ខ្យល់​ដក​ដង្ហើម​ ពេល​នេះបាន​ក្លាយ​ជា​ពណ៌​ខៀវ​​​ស្លាំង​ទៅ​ហើយ​​។

តើ​គេ​គួរ​ធ្វើ​​ដូច​ម្តេច​? សុក្រឹត​​ទទួល​អារម្មណ៍​រងា​​យ៉ាង​ចម្លែក​ ​រហូត​​​​ត្រូវ​ទាញ​ភួយ​យក​មក​ដណ្តប់​​ ​ហើយ​ប្រះ​ខ្លួ​ន​ដេក​អង្កុញ​ជើង​​ យក​ដៃ​ឱប​ជង្គង់​។

នៅពេល​ភាព​ជឿ​ជាក់​​​ចាប់​ផ្តើម​​​ត្រឡប់​មក​វិញ​ គេ​ក៏​គិត​ឃើញ​ថា​ គ្មាន​ប្រយោជន៍​អ្វី​ដែល​​ត្រូវ​មក​ដេក​ស្រណោះ​ស្រណោក​នោះ​ទេ​ គ្មាន​អ្វី​​ប្រសើរ​ឡើង​វិញ​​ឡើយ​​ ដែលត្រូវ​មក​បន្ទោស​​ខ្លួន​ឯង​។​ អ្វី​ដែលត្រូវ​ធ្វើ​នៅពេល​នេះ គឺ​ត្រូវ​​រក​មធ្យោបាយ​យក​រួច​ខ្លួន​ឲ្យ​បាន​។

រត់​គេច​ឬ? តើ​អាច​រត់​បាន​ឆ្ងាយ​ប៉ុណ្ណា​?​ សុក្រឹត​មិន​មែន​ជា​​​បក្ស​ពួក​បង​ធំ​​ឯណា​ គេ​គ្រាន់​តែ​ជា​​បុគ្គលិក​កាស៊ីណូ​នៅ​ជាយ​ដែនធម្មតាៗ​ម្នាក់ ​​ដែលធ្វើ​អ្វី​ឆ្កួតៗ​ឲ្យ​មនុស្ស​ស្រី​ប្រុស​ច្រើន​ម្នាក់​នេះ​ ចាប់​ខ្លួន​​បាន​​។ គេ​មិន​ធ្លាប់​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​រឿងខុស​ច្បាប់​។​​ មិន​ដឹង​ខ្លួន​ទាល់​​តែ​សោះ​ថា​ គេសម្លាប់​ដាវិន​បាន​​យ៉ាង​ដូចម្តេច​? ប្រហែល​មក​ពី​កំហឹង​មួយ​ឆាប​ដែល​នាងមិន​ព្រម​យក​កូន​ចេញ​ ​​ហើយ​ព្យាយាម​ចង​ជើង​គេដោយ​ការ​​ទទួល​ខុស​ត្រូវ​ ​​ថែម​ទាំង​ស្រែក​ជំទាល​ឡូ​ឡា​​​ដូច​​ពួក​ស្រី​រក​ស៊ី​។ គេ​គ្រាន់​តែ​យក​ខ្នើយ​ខ្ទប់​មាត់ ​​ដើម្បី​ឲ្យ​នាង​ឈប់​    ស្រែក។ អារម្មណ៍​ខឹង​មួយ​ឆាវ​ប៉ុណ្ណោះ​​ ធ្វើ​ឲ្យ​ដៃ​ទាំង​ពីរ​របស់​គេ​​នៅ​សង្កត់​ខ្នើយ​ជាប់​ ទោះ​បី​ជា​​លែង​ឮ​សំឡេង​ស្រែក​​ហើយ​ក៏​ដោយ​។

ណ្ហើយ​ចុះ! ​លែង​សំខាន់​ទៀត​ហើយ​ អ្វី​ដែល​ត្រូវគិត​នៅ​ពេល​នេះគឺ​ត្រូវ​រត់​ទៅ​ណា? រកស៊ី​​អ្វី? បើ​ត្រឡប់​ទៅ​ផ្ទះ ​ប៉ូលីស​ច្បាស់​ជា​រក​ខ្លួន​ឃើញ​មិន​ខាន​ ឬ​មួយ​ឡើង​ទៅភ្នំពេញ​​?មិន​ខុស​ពី​រត់​ចូល​រូង​ខ្លា​ទេ!

សុក្រឹត​ទទួល​អារម្មណ៍​ងងឹត​ស្លុប​​ អនាគត​ងងឹត​​សូន្យ​ឈឹង​។ អារម្មណ៍​នៅពេល​នេះ​ប្រៀប​ដូច​កំពុង​រមៀល​ធ្លាក់​ ពី​លើ​ជម្រាល​ភ្នំ​​ដ៏​សែន​ខ្ពស់​ ដៃ​ទាំង​ពីរ​ស្រវា​ចាប់​បាន​តែ​ខ្យល់​អាកាស​។

គេ​​ពិត​ជា​រត់​គេច​មិន​ផុត​ទេ ដាក់​ពាក្យ​ចូល​ធ្វើ​​​ការ​នៅ​កន្លែង​ណា​ ក៏​សុទ្ធ​​តែ​មាន​សេចក្តី​ប្រកាស​ចាប់​ខ្លួន​ឃាតករ​​​គ្រប់​កន្លែង​ ឯកាសែត​​ក៏​​មាន​ចុះ​ផ្សាយ​​ព្រោង​ព្រាត​​។ មាន​ផ្លូវ​តែ​មួយ​គឺ​ក្លាយ​ជា​ជន​អនាថា​ ដើរ​ពនេចរ គ្មាន​ឈ្មោះ​ គ្មាន​ទី​អាស្រ័យ​ រត់​គេច​រឿង​ក្តី​រហូត​ដល់​ ២០​ឆ្នាំ​ទម្រាំ​តែអស់​អាយុ​​តាម​ចាប់​។

ឬ​រត់​ចូល​ប្រទេស​ថៃ​ ប្រទេស​តែ​មួយ​ដែល​លុយ​ក្នុង​ហោប៉ៅ​របស់​គេ អាច​នាំ​ទៅ​បាន​​ក្នុង​ពេល​នេះ?

អត់​ទេ វា​គួរ​តែ​មាន​ផ្លូវ​ផ្សេង​ដែល​ល្អ​ជាង​នេះ​។

យក​នាង​ទៅ​កប់​កន្លែង​ណា​មួយ ​កុំ​ឲ្យ​នរណា​រក​សាក​សព​នាង​ឃើញ​ បើ​ប៉ូលីស​រក​​សព​មិន​ឃើញ ​ក៏​មិន​អាច​យក​ទោស​គេ​តាម​ច្បាប់​បាន​ដែរ​ ព្រោះ​គ្មាន​ភស្តុតា​ង​ថា​នាង​បាន​ស្លាប់​ទៅ​ហើយ​​។ តែ​… តើ​យក​​សាក​សព​នាង​ទៅ​កប់​ដោយ​របៀប​ណា? យក​កម្រាល​ពូក​រុំ​ហើយ​លី​​ចេញ​ទៅ​ទាំង​បែប​នេះ?

គ្មាន​ផ្លូវ​ទេ​។

ឬ​រង់​ចាំ​ឲ្យ​យប់​ជ្រៅ​ជាង​នេះ?

សុក្រឹត​អង្គុយ​​គិត​ទាល់​តែឈឺ​ក្បាល​ ហើយ​ដូច​ជា​ធុំ​ក្លិន​ស្អុយ​​អ្វី​ ភាយ​ចេញ​ពី​ក្រោម​គ្រែ​។ មនុស្ស​យើង​ពេល​ស្លាប់​ ស្អុយ​លឿន​ណាស់​។ មិន​ដឹង​យូរ​ប៉ុណ្ណា​ទៀត​ ខ្មោច​នាង​នឹង​ហើម​។ បើ​ហើម​ ពោះ​ច្បាស់​ជា​​ប៉ោង​​​ស្ពីង​រហូត​​ទល់​ហើប​​គ្រែ​​​មិន​ខាន​។ មនុស្ស​ដែ​ល​ស្លាប់​ហើយ​​ ស្មោក​គ្រោក​ដូច​តែ​គ្នា​ មិន​ថា​ពេល​នៅ​រស់​​ស្អាត ឬ​​មិន​ស្អាត​​​ទេ​។

ធ្វើ​យ៉ាង​ណាល្អៗ? ក្នុង​ខួរ​ក្បាល​មាន​តែ​​​សំណួរ​ដដែល​ៗ។ រង់​ចាំ​ឲ្យ​យប់​បន្តិច ​​សឹម​​​​​អូស​សាក​សព​ចេញ​​ទៅក៏​មិន​បាន​​ ព្រោះ​ត្រូវ​ឆ្លង​កាត់​កន្លែង​ទទួល​ភ្ញៀវ​។ ឬ​មួយ​លួច​ចេញ​តាម​ជណ្តើរ​​គេច​​អគ្គិស​ភ័យ​?

មែន​ហើយ! ជណ្តើរ​គេច​​ពី​អគ្គិស​ភ័យ។​ សុក្រឹត​ក្រោក​ឡើង​អង្គុយ​​ ហើយ​សញ្ជឹង​គិត​​។  យក​សព​ចុះ​តាម​ជណ្តើរ​គេច​​អគ្គិស​ភ័យ ​​ចេញតាម​ទ្វារ​ចំហៀង រួច​យក​សាក​សព​ទៅ​ទម្លាក់​ចោល​ក្បែរ​គំនរ​សំរាម ​​ហើយ​ចាំ​ត្រឡប់​មក​​គិត​លុយ​ចេញ​ពី​សណ្ឋាគារ​។ បន្ទាប់​មក​ទៅ​រក​ខ្ចី​រថ​យន្ត​មិត្ត​ភក្តិ​មក​ដឹក​សាក​សព​យក​ទៅ​កប់​នៅ​កន្លែង​ណា​មួយ​។

​គេ​ក្រោក​ឡើង​ស្លៀក​ពាក់ ​ទទួល​អារម្មណ៍​ស្រាល​ខ្លួន​ស្ងើក​ ដូច​​ទើប​តែ​យក​ដុំ​​ថ្ម​ចេញ​ពី​លើ​ទ្រូង​។ កំលោះ​ទាញ​កូន​សោ​បន្ទប់​ដើរ​ចេញទៅ​ក្រៅ​ ​ក្នុង​ចិត្ត​នឹក​អរ​ភ្ញោចៗ​ ព្រោះ​រក​ឃើញ​​ផ្លូវ​រួច​ខ្លួនបាន​​លឹមៗ​ហើយ​​។

នុ៎ះអី! ស្លាក​ពណ៌​ក្រហម​ សញ្ញា​សម្គាល់​ជណ្តើរ​​គេច​​អគ្គិស​ភ័យ​​នៅខាង​ឆ្វេង​ដៃ​​។ ផ្លូវ​ដើរ​ស្ងាត់​គ្មាន​មនុស្ស​ម្នា​​ក់។ សុក្រឹត​​ដើ​រ​ពាក់​កណ្តាល​រត់​ សសៀរ​តាម​ផ្លូវ​លបៗ​ ​ទៅ​បើ​ក​ទ្វារ​តូច​ចេញ។ ជណ្តើរ​ដែក​នៅ​ចំហៀង​អគារ​ សណ្តូក​​យ៉ាងវែង​ចុះ​ទៅ​ជាន់​ក្រោម​។ គេ​រត់​​​គ្រូមៗ​ចុះ​ទៅ​ក្រោម​ បេះដូង​លោត​​តឹកតាក់ៗញាប់​រន្ថើន​ មិន​ដឹង​ថា​ជណ្តើរ​នេះ​ អាច​នាំ​ចេញ​ទៅ​ក្រៅ​អគារ​បាន​ឬ​ក៏​អត់​ទេ?

ចម្លើយ​គឺ… មិន​! នៅ​​​ជាន់​ក្រោម​បំផុត​គឺ​បន្ទប់​តូច​មួយ​​ ដែល​មាន​ទ្វារ​បើក​ចំហ​ទៅ​ដល់​កន្លែង​ទទួល​ភ្ញៀវ​​។ វាគួរ​តែ​បែប​នេះ​ស្រាប់​ហើយ​ ព្រោះ​បើ​មិន​ដូច្នោះ ភ្ញៀវ​នឹង​នាំ​គ្នា​លួច​ចេញ​តាម​ជណ្តើរ​នេះ​អស់​មិន​ខាន​។

សុ​ក្រឹត​ផ្លោះ​ជណ្តើរ​ឡើង​មក​វិញ​ ដោយ​ក្តី​អស់​សង្ឃឹម​ មិន​ហ៊ាន​ដើរ​កាត់​តុ​ទទួ​ល​ភ្ញៀវ​​ទៅ​ឡើង​ជណ្តើរ​យន្ត​។ ពេល​បើក​ទ្វារ​បន្ទប់​ចូល​ទៅ​ ក្លិន​ស្អុយ​ឆួល​ ​ក៏​ជះ​មក​ប៉ះ​ច្រមុះ​គេ​។ ហេតុ​អ្វី​សាក​សព​​នេះ​ស្អុយ​លឿន​ម្ល៉េះ? នាង​ស្លាប់​មិ​នដល់​មួយ​ម៉ោង​ផង!

សុក្រឹត​ ដើរ​ចុះ​ដើរ​ឡើង​ក្នុង​បន្ទប់​ងងឹត​។​ ខួរក្បាល​​​ ​​ធ្វើ​ការ​ធ្ងន់​ខុស​ពី​ធម្មតា​។​​ ទោះ​យ៉ាង​ណា​ គេត្រូវ​តែ​បំផ្លាញ​សាក​សព​នោះ​ ទើប​មាន​ផ្លូវ​​អាច​រួច​ខ្លួន​បាន​។

ដុត​ឬ? កាសែត​ធ្លាប់​ចុះ​ពី​រឿង​ឃាត​កម្ម​ ដែល​សម្លាប់​​ហើយ​ដុត​​កម្ទេច​ចោល​។ តែ​​​​នៅ​ទី​នេះ​ គេ​មិន​អាច​ធ្វើ​​បា​នទេ ​ព្រោះ​បើ​គេ​ធ្វើ​ មិន​​ត្រឹម​​តែ​មាន​ទោស​សម្លាប់​មនុស្ស​​​ទេ​ ​គឺ​​អាច​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​​លួច​​ដុត​សណ្ឋាគារ​ទៀត​។

ធ្វើ​យ៉ាង​ម៉េច​ល្អៗ ក្បាល​ជិត​ផ្ទុះ​ហើយ​!!

សុក្រឹត​ដាក់​ខ្លួន​អង្គុយ​ចុះ​ក្បែរ​គែម​គ្រែ​ ក្លិន​ស្អុយ​ឆួល​ភាយ​ចេញ​ពី​ក្រោម​គ្រែ​​។ គេ​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ឲ្យ​លឿ​ន​បំផុត​។​

យក​សាក​សព​ដាក់​ក្នុង​អាង​ទឹក​ ហើយ​​យក​ទឹក​អាស៊ីត​ស្រោច​ពី​លើ​ល្អ​ទេ? មិន​កើត​ទេ បែប​នេះ​មាន​តែ​ក្នុង​ប្រលោម​លោក​​ស៊ើប​អង្កេត​ប៉ុណ្ណោះ​ ម្យ៉ាង​ត្រូវ​​ប្រើ​ទឹក​អាស៊ីត​ពេញ​អាង​ ហើយ​នៅ​មិន​ដឹង​ថា បាន​ផល​​ពិត​មែន​ ​ឬ​ក៏​អត់​ផង។

កាប់​ចិញ្ច្រាំ​… ពាក្យ​នេះ​ផុស​ឡើង​ក្នុង​ខួរ​ក្បាល​។ គ្រាន់​តែ​គិត​ក៏​ធ្វើ​ឲ្យ​សុក្រឹត​​ច្រាល​ខ្យល់​ក្នុង​បំពង់​ក​ រក​កល​ក្អួត​ចេញ​មក​ទៅ​ហើយ​​។ គេ​ធ្លាប់​មើល​កុន​ហូលីវូដ​​រឿង​​ឃាត​ករ​​រោគ​ចិត្ត​ ដែល​​ហាន់​ពន្លះ​សាក​សព​ជា​ចម្រៀក​ៗ​​ ហើយ​ខ្ចប់​ញាត់​ក្នុង​ថង់​ខ្មៅ​។ តែ​នោះ​គឺ​ពួក​សរសៃ​ប្រសាទ ឯ​គេ​មិន​មែន​ទេ!

តែ​… ក្រែង​នេះ​​ជា​ផ្លូវ​រួច​ខ្លួន​តែ​មួយ​ឬ​? គេ​គ្មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​​ទេ តែ​គេ​ត្រូវ​តែ​ធ្វើ​!

សូម​រង់​ចាំ​អាន​​វគ្គ​បញ្ចប់!

ភ្នំពេញ: លោក អៀ​វ កើ​ស គឺជា​អ្នក​ស្រាវជ្រាវ​ភាសា​ខ្មែរ , ជា​កវីនិពន្ធ , អ្នកនិពន្ធ​សារព័ត៌មាន​ខ្មែរ​-​បារាំង និង​អ្នក​រៀបរៀង​សៀវភៅភាសា​ខ្មែរ​, ជា​សហគ្រិន , ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ , ជា​សមាជិក​សភា​តំណាងរាស្ត្រ , ជា​ឧ​ប​រដ្ឋមន្ត្រី និង​ជា​ប្រធានរដ្ឋសភា​។​

លោក អៀ​វ កើ​ស កើត​នៅ​ឆ្នាំ​១៩០៥ នៅ​ឃុំ​សង្កែ ខេត្ត​បាត់ដំបង ជា​បុត្រ​ទោល​របស់លោក អៀ​វ ហេង និង អ្នកស្រី ទឹក ។ លោក​បាន​រៀន​នៅ​វត្ត​កណ្តាល និង​សាលាបឋមសិក្សា​ខេត្ត​បាត់ដំបង នៅ​អនុវិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ និង​សាលា​ពាណិជ្ជកម្ម​ក្រុង​ហាណូយ រហូត​ប្រឡង​ជាប់​លេខ​១ នៅ​ឆ្នាំ​១៩២៧។

គ្រឹះស្ថាន ដឺ​នី​ហ្វ្រែរ នៅ​ភ្នំពេញ និង​​ចម្ការកៅស៊ូ​មេមត់ បាន​ទទួល​លោក​ជា​និយោជិក ដល់​ដើមឆ្នាំ​១៩២៨ មុន​នឹង​លោក​ចាប់ផ្តើម​អាជីវកម្មជា​សហគ្រិន​ស្ថាបនា​នៅ​មេមត់ ​ទៅ​ទល់នឹង​ឆ្នាំ​១៩៣២។ នៅ​តុលាការ​កំពង់ចាម ក្នុង​ឆ្នាំ​១៩២៨ លោក​បាន​ប្តឹង​ឈ្នះក្តី​លើ​ចាងហ្វាង​ចម្ការកៅស៊ូ​ចាឡាង សញ្ជាតិ​​បារាំង​ដែលបាន​ប្រើ​អំណាច​ប្រមាថ​រូបលោក។ ជំនាន់​នោះ ខ្មែរ​ដែល​អាច​ឈ្នះក្តី​លើ​បារាំង ជាពិសេស​បារាំង​ដែល​​មាន​ឋានៈ​ខ្ពង់ខ្ពស់​បែបនេះ​ ពិត​ជា​ព្រឹត្តិការណ៍​មាន​ដោយ​កម្រ​ពេក​ណាស់ ។

ឆ្នាំ​១៩២៩ លោក​បាន​រៀបការ​ជាមួយ​អ្នក​គ្រូ​ គិម ស៊ិរី ហៅ ពាញ ។ លោក​មាន​កូនប្រុស​២​នាក់ ។ ទោះបី​លោក​កំពុង​ប្រកប​អាជីវកម្ម និង មានគ្រួសារ​ហើយ​ក្តី ក៏​លោក​នៅតែ​ខំ​ឆ្លៀត​រៀន​រហូត​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នា​ឆ្នាំ​១៩៣២ ដើម្បី​បាន​ទៅ​បន្ត​វិជ្ជា​នៅ​វិទ្យាស្ថាន​គីមី​ ឯ​ក្រុង​ប៊រដូ នា​ប្រទេស​បារាំង ។ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​នៅ​ឥណ្ឌូចិន មិន​អនុញ្ញាត​ឱ្យ​លោក​ចេញ​ទៅ​សិក្សា​ឡើយ ។​

​ឆ្នាំ​១៩៤២-១៩៤៦ លោក​បាន​ធ្វើ​ជា​សហគ្រិន​សាធារណការ​នៅ​ខេត្ត​បាត់ដំបង ។ ក្នុងពេលនោះ​លោក​បាន​ចូល​ជា​សមាជិក​សភា​តំណាងរាស្ត្រ​ខ្មែរ រួច​ជា​សមាជិក​រង​នៅ​គណៈកម្មការ​ចម្រុះ នៃក្រុម​មហា​ប្រឹក្សា​សម្រាប់​ការពារ​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ប្រទេស​ឥណ្ឌូចិន និង បាន​ធ្វើ​ជា​សមាជិក​នៃ​គណៈកម្មការ​ចម្រុះ​នៅ​អម​រដ្ឋាភិបាល​ខ្មែរ ។

ឆ្នាំ​១៩៤១-៤៥ លោក​បាន​ប្រកប​មុខរបរ​លក់​ថ្នាំពេទ្យ និង​ធ្វើ​ឧស្សាហកម្ម​សាប៊ូ នៅ​បាត់ដំបង ។​ក្នុង​ឆ្នាំ​១៩៤៥ លោក​បាន​មក​ភ្នំពេញ កាន់តំណែង​ជា​ឧ​ប​រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច ។ ឆ្នាំ​ក្រោយមក លោក​បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ និង បាន​ធ្វើ​ជា​ប្រធានរដ្ឋសភា​ព្រាង​រដ្ឋធម្មនុញ្ញ ។

ឆ្នាំ​១៩៤៧ លោក​បាន​ធ្វើ​ប្រធានរដ្ឋសភា​ម្តង​ទៀត ​រហូតដល់​ឆ្នាំ​១៩៤៩។ លោក​បាន​ចូល​ជា​សមាជិក​សមាគម​មិត្ត​សិស្ស​ចាស់ និង​មិត្ត​អនុវិទ្យាល័យ និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ , សមាគម​គិលាន​   សង្គ្រោះ​ចំពោះ​ព្រះសង្ឃ និង គណៈកម្មការ​វប្បធម៌​ ​ដែលមាន​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ជា​ប្រធាន​ ព្រមទាំង​បាន​ធ្វើ​ជា​ទីប្រឹក្សា​សមាគម​មិត្ត​សាលា​បាលី ។ លោក​បាន​រៀបចំ​ក្បួន ជវលេខ និងអង្គុលីលេខ​ខ្មែរ​។ ជាមួយ​នឹង​គណៈកម្មកា​រ​វប្បធម៌ លោក​បាន​កែសម្រួល​អក្សរ​ខ្មែរ​សម្រាប់​អង្គុលីលេខ​។ លោក​ជា​អ្នកស្រាវជ្រាវ​ភាសា​ខ្មែរ , ជា​កវីនិពន្ធ , អ្នកនិពន្ធ​សារព័ត៌មាន​ខ្មែរ​-​បារាំង និង​អ្នក​រៀបរៀង​សៀវភៅ «ភាសា​ខ្មែរ»​។

ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ​ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ បាន​ព្រះ​រាជទាន​ គ្រឿង​​ឥស្សរិយយស មេដាយ​​មាស​ព្រះ​ករុណា​ទ្រង់រាជ្យ​​​ និង មេដាយ​វរ​សេនា​អាណាច​ក្រ​កម្ពុជា ។

នៅ​ចុងឆ្នាំ​១៩៤៩ លោក​បាន​ដង្ហែព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​​ទៅ​​ប្រទេស​បារាំង ។ លុះ​បាន​ឆ្លៀត​ព្យាបាល​រោគ រួច​ត្រឡប់មក​ប្រទេស​យើង​​វិញ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ស្រាប់​តែ​គ្រាប់បែកដៃ​១​ បាន​ផ្ទុះ​ឡើង​ប្រហារ​ជីវិត​លោក​ ក្រោយពេល​ដែល​លោក​ទើបនឹង​​បាន​បិទ​សម័យប្រជុំ​គណៈ​កម្មការ​ធិ​ការនាយក នៃគណបក្ស​ប្រជាធិបតេយ្យ  ​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩៥០ វេលា​ម៉ោង​៦ ល្ងាច។ ពាក្យ​បណ្តាំ​មុន​ផុត​ដង្ហើម​របស់​លោក​ជាពាក្យ​ជ្រាប​ដោយ​ធម៌​អហិង្សា​។ ​

សព​លោក​ បាន​បូជា​នៅ​វត្ត​បទុម​វតី​រាជ​វរាម​។ ធាតុ​លោក​ បាន​បញ្ចុះ​នៅ​វត្ត​កែវព្រះ​ភ្លើង​​ ក្រុង​ភ្នំពេញ៕

(ប្រភព​៖ សៀវភៅ​ភាសា​ខ្មែរ ដោយ​លោក​ អៀវ​ កើស​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥, និង​ ខេមបូឌាអេចបេ្រសញូស៍ ចេញ​ផ្សាយ​ថ្ងៃទី ៩ តុលា ២០១១)

I’m Sorry-បទ​លាវ​

CHỜ EM TRONG ĐÊM

វគ្គ​២

ក្មេងស្រីដែលបាត់ខ្លួន

 

វេលាថ្មើរ​​នេះ​ម៉ោង​ជិត​ ៦​ល្ងាច ​ទៅ​ហើយ​ ភ្លើង​អំពូល​តាម​បង្គោល​ភ្លើង​សាធារណៈ​ក្នុង​សាលា​រៀន​ និង​ តាម​អគារ​ផ្សេង​ៗ​ចាប់​ផ្តើម​បើក​បំភ្លឺ​​​ម្តង​មួយ​ៗ​។ គ្រប់​សភាវៈ​ទាំង​អស់​ក្នុង​សាលា​រៀន​មាន​សភាព​ស្ងប់​ស្ងាត់​ គ្មាន​អ្វី​​ធ្វើ​ចលនា​បន្តិច​ឡើយ ​​ក្រៅ​ពី​កម្ទេច​ស្លឹកឈើ​ស្ងួត​​ប៉ើង​ចេញ​ពីគំនរ​សំរាម ​​ហើយ​រមៀល​កាត់​កាតាប​ស្ពាយ​ពណ៌​ខ្មៅ​ទាំង​៦ ដែល​ទុក​នៅ​លើ​កៅអី​ថ្ម​យ៉ាង​គ្មាន​របៀប​។

ប៉ុន្តែ​ម្ចាស់​កាតាប​ទាំង​៦​មិន​ឃើញ​នៅទីនោះ​ទៀត​ទេ ពេល​នេះ​ពួក​គេ​កំពុង​សប្បាយ​រីក​រាយ​នឹង​ការ​លេង​បិទ​ពួន​យ៉ាងភ្លើត​ភ្លើន​។ ពេល​វេលា​កន្លងទៅយូរ​គួរ​សម​ អ្នក​ដែល​​ទទួល​ភារៈ​ជា​អ្នក​ចាំ​ទី ទាំង​​​មិន​ចង់​ធ្វើ​ ក៏​នៅ​តែ​តាម​រក​​មិត្ត​ភក្តិ​មិនទាន់​​គ្រប់​គ្នា​ដែរ… តែ​បើ​និយាយ​ឲ្យ​ស្រួល​យល់​បន្តិច​ គឺ​ពេល​នេះ​សូម្បី​តែ​ម្នាក់​ក៏​រក​មិ​នទាន់​ឃើញ​ដែរ​។

«​ពួក​ឯង​នៅឯណា??…» កែវ​​​បង្អូស​សំឡេង​គ្រលួច​ស្រែក​ហៅ​មិត្ត​ភក្តិ ​មុន​នឹង​លោត​ផ្លោតៗ​ ដូច​​ទន្សាយ​​ ក្នុង​ជាន់​​ទីមួយ​របស់​អគារ​A រហូត​ធ្វើ​ឲ្យ​សក់​ដែល​ចង​កៅស៊ូ​នោះ​គ្រវី​​ទៅ​មក​ចុះ​ឡើង​។

ក្មេង​ស្រី​​ ដែល​អង្គុយ​លាក់​ខ្លួន​​យ៉ាង​ស្ងៀម​ស្ងាត់ ក្នុង​បន្ទប់​ទឹកនារី​​​​ជាន់​ក្រោម ​ពេល​ឮ​សំឡេង​​​របស់​មិត្ត​ភក្តិ​ស្រែក​ហៅ​ពី​ចម្ងាយ​ ធ្វើ​ឲ្យ​នាង​មិន​ហ៊ាន​ សូម្បី​តែ ​កម្រើក​ខ្លួន​​បន្តិច។​ សំឡេង​​​ដក​ដង្ហើម​ភើត​ផត​ៗ លាន់​ចេញ​​​ពី​ម៉ាស​បិទ​មាត់​ពណ៌​ស​នោះ។

«​កែវមក​ហើយ​​…» នាង​ថ្ងូរ​តិចៗ​​ក្នុង​បំពង់​ក​ មុន​នឹង​​ប្រឹង​សង្រួម​ខ្លួន​អង្គុយតត្រុន​​​ក្នុង​បន្ទប់​ទឹក​នោះ។ ក្បែរៗ​គ្នា​ដែរ ក្មេង​ស្រី​សក់​វែង​ប៉ប្រះ​ស្មា​ម្នាក់​ទៀត​ ព្យាយាម​យក​ត្រចៀក​​​ពិត​​ស្តាប់​នឹង​ទ្វារ​បង្គន់​​ដើម្បី​ឲ្យ​ច្បាស់​​ក្នុង​ចិត្ត​ថា​ មិន​ប៉ុន្មាន​ជំហាន​ទៀត​នេះ កែវ​​នឹង​​ដើរ​មក​​​ដល់​ហើយ​​ ។

ចំពោះ​លក្ខណ៍ ​ដែល​​មិន​បាន​រត់​មក​ជាមួយ​ក្រុម​មិត្ត​ភក្តិ​ នាង​សម្រេច​ចិត្ត​​រំលៀក​ខ្លួន​ទៅ​ខាង​ក្រោយ​អគារ ​​ដើម្បី​ទៅ​រក​កន្លែង​លាក់​ខ្លួ​ន​​ប្រចាំ​របស់​នាង​​។ កន្លែង​នេះ​ជា​កន្លែង​ដែល​នាង​ចូល​ចិត្ត​មក​​ពួន​​រាល់​លើក គ្រប់​ពេល​ដែល​លេង​បិទ​ពួន ហើយ​ក៏​​មិន​ដែល​មាន​នរណា​រក​នាង​ឃើញ​ដែរ​សូម្បី​តែ​ម្តង​។

«​ត្រង់​នេះ​ហើយ…» ក្មេង​ស្រី​​និយាយ ​មុន​នឹង​ដាក់​​គូទអង្គុយ​​​លើ​​ស្មៅ​ដែល​មាន​សភាព​សើម​គគុល​។ ខ្នង​នាងពិត​ផ្អែក​នឹង​វត្ថុ​កសាង​មួយ​​​ ​សង់​ខ្ពស់​ផុត​ពីដី ​​ដែល​អាច​បិទ​បាំង​រាង​កាយ​​​របស់​ក្មេង​ស្រីខ្លួន​តូច ​ដូចជា​​នាង​បាន​យ៉ាង​ស្រួល​​។ ចំហាយ​ត្រជាក់​ចេញ​ពី​ឥដ្ឋ​​ដែល​មាន​​ស្លែ​ដុះ​ពេញ​​ បញ្ជូន​មក​ប៉ះ​ផ្ទៃ​មុខ​របស់​នាង​ធ្វើ​ឲ្យ​ទទួល​អារម្មណ៍​​រងា​គួរ​ឲ្យ​​​ព្រឺ​រោម​។

​អណ្តូង​ទឹក​ក្រោយ​សាលារៀន​…

រាង​កាយ​ក្នុង​ឯកសណ្ឋាន​សិស្ស​ ព្យាយាមឆ្លុះ​មើល​តាម​មាត់​អណ្តូង​​ ដើម្បី​សង្កេត​​មើល​សកម្មភាព​របស់​មិត្ត​ភក្តិ​​។ រំពេច​នោះ​ នាង​ឃើញ​ខ្នង​ភ្លឹប​ភ្លែត​ៗ​របស់​​ដួង​ចន្ទ​ និង​ចំប៉ា​​រត់​ទៅជាមួយ​គ្នា​ឡើង​ជាន់​​ទី២​​នៃ​អគារ​A ដែល​បើក​ភ្លើង​ចោល​​។ នៅ​ក្បែរ​នោះ​ជា​បន្ទប់​ស្នាក់​នៅ​របស់​គ្រូ​ដែល​ពេល​នេះ​មាន​តែ​២,៣​​នាក់​ទេ​ ​​កំពុង​អង្គុយ​ធ្វើ​ការ​។

«​ដួង​ចន្ទ ចាំ​ផង!» ចំប៉ា ក្មេង​ស្រី​ដែល​និយាយ​តិច​បំផុត​នៅ​ក្នុង​ក្រុម​​ឧទាន​ឡើង​ នៅ​ពេល​ទទួល​អារម្មណ៍​ថា ខ្លួន​ឯង​រត់​ទៅមុខ​មិន​រួច​ទៀត​​។ នាង​ស្រុត​ខ្លួន​​​អង្គុយ​​​​ចុះ​ដើម្បី​​ស្រូប​យក​​ខ្យល់​​បំពេញ​សួត​​។

«បើ​ដឹង​ថា លេង​បិទ​ពួន​ ហត់​បែប​នេះ ខ្ញុំ​មិន​លែង​ជាមួយ​​ទេ!»

ដួង​ចន្ទ​ងាក​មក​មើល​មិត្ត​​សម្លាញ់​​ មុន​នឹង​រត់​​​មក​ចាប់​​ដៃ ​​​អូស​ចូល​ទៅ​ក្នុង​បន្ទប់​រៀន​ដែល​នៅ​ក្បែរ​នោះ។ នាង​​រុល​ទៅ​ក្រោម​តុ​គ្រូ​ ហើយ​អង្គុយ​អង្កុញ​ជើង​។

«​សល់​ពី​នេះ ឯង​រក​កន្លែង​ពួន​ខ្លួន​ឯង​ចុះណ៎ា!» ដួង​ចន្ទ​​និយាយ​ខ្សឹប​តិចៗ ​ចេញ​​ពី​ក្រោម​តុ។​ ចំប៉ា​​ដែល​ត្រូវ​មិត្ត​ភក្តិ​អូស​ដៃ​ចូល​មក ​មិន​ដឹង​អ្វី​ជា​អ្វី ​​ធ្វើ​ភ្នែក​​ភ័យ​សស្លើត​សស្លក់​​ មុន​នឹង​​រត់​ចូល​ទៅ​ពួន​ក្រោយ​ទូសម្ភារៈ​ក្នុង​បន្ទប់​រៀន​​ ។

សំឡេង​និយាយ​គ្នា​នៅ​ខាង​ក្រោម​លាន់​មក​ដល់​លើ​ បញ្ជាក់​ថា មយូរ៉ា​ និង​ម៉ាលី​ ត្រូវ​​អ្នក​ចាំ​ទី​រក​ឃើញ​ហើយ​។​ ក្មេង​ស្រី​ទាំង​ពីរ​ដែល​នៅ​ក្នុង​បន្ទប់​ ព្យាយាម​​រក្សា​លំនឹង​ខ្លួន​ឲ្យ​ស្ងៀម​ស្ងាត់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​… តែ​ទោះ​​ជា​ដូច្នោះ​ក្តី​ ក៏​ពួក​នាង​​នៅ​តែ​មិន​អាច​គេច​ផុត​​ពី​ការ​តាម​រក​របស់​កែវ​បាន​។

«​គ្នា​ថា ​ពួក​នោះ​ច្បាស់​ជា​ឡើង​មក​ជាន់​លើ​នេះ​ហើយ​… ​គឺ​ច្បាស់​ជា​នៅ​ក្នុង​បន្ទប់​ណា​មួយ​ក្នុង​ចំណោម​បន្ទប់​នេះ​មិន​ខាន​!» សំឡេង​របស់​កែវ​លាន់​ចូល​មក​កាន់​តែ​ជិត​ត្រង់​ចំណុច​ដែល​ពួក​នាង​ទាំង​ពីរ​កំពុង​លាក់​ខ្លួន​។

នាង​នេះ​ មាត់​ទិព្វ​​មែន​ទែន​… ដួង​ចន្ទ​គិត​នៅ​ក្នុង​ចិត្ត​ មុន​នឹង​ប្រឹង​អង្កុញ​ខ្លួន​​ឲ្យ​កាន់​តែ​តូច​ជាង​មុន​។

ក្រឹក…!!!

សំឡេង​អ្វី​ម្យ៉ាង​ លាន់​ឡើង​នៅ​ក្នុង​បន្ទប់​​បង្រៀន​នៃ​អគារ​A។ វា​ឮ​ល្មម​អាច​ធ្វើ​ឲ្យ​ក្មេង​ស្រី​​ទាំង​បី​នាក់​ងាក​ទៅ​មើល​ព្រម​គ្នា ​​ហាក់​ដូច​​ជា​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​បន្ទប់​នោះ។

«​ចប់​បាត់​ហើយ…» ម៉ាលី​ក្តោបក្បាល​​យ៉ាង​​អស់​សង្ឃឹម ព្រោះ​នាង​គឺ​ជា​មនុស្ស​ដំបូង​ដែល​​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ល្បែង​នេះ​។

ទ្វារ​បន្ទប់​​ត្រូវ​បាន​បើកឡើង​​យ៉ាង​យឺតៗ ក្មេង​ស្រី​ទាំង​បី​នាក់​ដើរ​ចូលម​កក្នុង​បន្ទប់​ម្នាក់​ម្តង​ៗ​។ ភ្លើង​អំពូល​ក្នុង​បន្ទប់​រៀនភ្លឺចិញ្ចែង​ចិញ្ចាច​ ឆ្លុះ​​ឃើញ​ស្រមោល​​​ធំ​ខ្មៅ​​​​ ផ្លាត​ចេញ​ពី​ក្រោម​តុ​​។ កែវ​ញញឹម​ចុង​មាត់​​យ៉ាង​​ពេញ​​ចិត្ត​។ សក់កន្ទ្រីង​​កន្ទ្រើង​បែប​នេះ​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ…

នាង​លោត​សង្គ្រប់​ទៅ​លើ​តុ​គ្រូ​​យ៉ាង​រហ័ស​ ធ្វើ​ឲ្យ​សំពត់​ខៀវ​​ខ្លី​របស់​នាង​ ស្ទើរ​តែ​​​សើយ​​​ឡើង​។ ​បន្ទាប់​មក​ក៏​ឈ្ងោក​ក្បាល​ចូល​ទៅ​ក្រោម​តុ​ មុន​នឹង​លើក​មេ​ដៃ​ឡើង​ដាក់​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​ដោយ​ទឹក​មុខ​រីក​ថ្លា​​។

«​នាង​ខ្ចាន់​ ចេញ​មកកកក!!!»

ដួង​ចន្ទ​​ដក​ដង្ហើម​ធំ​កណ្តាល​ភាព​ងងឹត​ ធ្វើ​មុខ​ស្អុយ​ប៉ែ​ មុន​នឹង​ដោល​ខ្លួនឯង​​ចេញ​មក​​ទាំង​​មិន​​​សប្បាយ​ចិត្ត​។ នាង​ជូត​តំណក់​ញើស​​​នៅ​លើ​ថ្ងាស​ ដោយ​កន្សែង​ជូត​មុខ​ពណ៌​ក្រហម ​មុន​នឹង​​ដើរ​ទៅ​ចូល​ក្រុម​ជាមួយ ​​មយូរ៉ា ​និង​ម៉ាលី​។

«​រក​ឃើញ​​ទៀត​ហើយ​មើល​ទៅ…» ក្មេង​ស្រី​ដែល​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​​ និយាយ​ម្នាក់​ឯង​ដោយ​ទឹក​មុខ​រីក​រាយ​ និង​មាន​សេចក្តី​សុខ​​បំផុត​។ នាង​​គិត​ទុក​​មុន​​ជា​ស្រេច​ហើយ​ថា នាង​​ត្រូវ​តែ​ជា​​​អ្នក​ដែល​កែវ​​រក​ឃើញ​ចុង​ក្រោយ​គេ​។

រយៈ​ពេល​នៃ​ការ​ទន្ទឹង​រង់​ចាំ ​មិត្ត​ភក្តិ​ទាំង​៥​នាក់​នៅ​ក្នុង​បន្ទប់​រៀន​ ខ្សែ​ភ្នែក​នោះ​តែង​រំពៃ​​មើល​គ្រប់​សកម្មភាព​​របស់​មិត្ត​សម្លាញ់​មិន​ដាក់​ភ្នែក​។

សំឡេង​សើច​​​យ៉ាង​មាន​សេចក្តី​សុខ​ ​លាន់​ចេញ​ពី​បបូរ​មាត់​តូច​ស្តើង​ ពណ៌​ស៊ី​ជម្ពូ​បង្ហាញ​ឲ្យ​ឃើញ​ធ្មេញ​​​​ស​ថ្លា​ តម្រៀប​គ្នា​យ៉ាង​មាន​របៀប​។ ក្មេងស្រី​អង្គុយ​មើល​មិត្ត​ភក្តិ​ប្រៀប​ដូច​កំពុង​អង្គុយ​មើល​គំនូរជីវចល​​ដែល​ខ្លួន​​ចូលចិត្ត​។

«​នាង​លក្ខណ៍​បាត់​ខ្លួន​ទៅណា​ហ្ន៎? នាង​នេះ​ពូកែ​លាក់​ខ្លួន​ដូច​ឈ្មោះ​អ៊ីចឹង!!» ដួង​ចន្ទ​ងាក​មើល​ឆ្វេង​ស្តាំ​ដើម្បី​រក​មើល​​តម្រុយ​របស់​មិត្ត​ភក្តិ​ស្រី​។

តែ​… គ្មាន​សូម្បី​តែ​ស្រមោល​របស់​នាង​។ ពេល​វេលា​កន្លង​ទៅជាង​កន្លះ​ម៉ោង សុខៗ​ក៏​មាន​​សំឡេង​ស៊ីផ្លេ​អាថ៌​កំបាំង​លាន់​ឡើងនៅ​មុខ​សាលា​រៀន​។ កែវដែល​ជា​អ្នក​ចាំទី​ដំបូង​គេ​ងាក​ទៅ​មើល​ប្រភព​សំឡេង​​។ ស្លាក​លេខ​រថយន្ត​​ បញ្ជាក់​​ប្រាប់​នាង​យ៉ាង​​ច្បាស់​ថា ​​នាង​ចាំ​រថយន្ត​នេះ​​ច្បាស់​​ណាស់​។

ពេល​នេះ​ម៉ោង​៦​ និង​៣០​នាទី​ទៅ​ហើយ​ ហ្វូង​ខ្លែង​ស្រាក​នាំ​គ្នា​ស្រែក​ខ្វាកៗ​មិន​ដាច់​សូរ​​ ធ្វើ​ឲ្យ​ទី​នេះ​ស្ទើរ​តែ​​ក្លាយ​ជា​សាលារៀន​ខ្មោច​ទៅ​ហើយ​។​ អំពូល​ភ្លើង​ចាស់​លោត​ញាក់​ភ្លឹប​​ភ្លែតៗ​នៅ​​ក្បែរ​អគារ​រៀន​​ ដែល​​ធ្វើ​ឲ្យ​បរិយាកាស​នោះ​កាន់​តែ​គួរ​ឲ្យ​ខ្លាច​​ទ្វេ​ឡើង​។ ​មិន​យូរ​ប៉ុន្មាន​ ក្មេង​ស្រី​ផ្សេង​ៗ​ទៀត​ នាំ​គ្នា​ចុះ​មក​ក្រោម​តាម​កែវ​។ អាណា​ព្យាបាល​របស់​ពួក​នាង​​កំពុង​ចត​រថ​យន្ត​ចាំ​នៅ​មុខ​សាលា​រៀន​​។ ខ្លះ​ក៏​ចុច​ស៊ីផ្លេ​ហៅ ខ្លះ​ទៀត​ក៏​ដើរ​មក​ទទួល​កូន​ដល់​ក្នុង​សាលា​​។ ក្រុម​ក្មេង​ស្រី​មួយ​ក្រុម​ទៀត ​ដែល​មិ​នទាន់​ត្រឡប់​ទៅ​ផ្ទះ​ ក៏​ដើរ​និយាយ​គ្នា​ឆ្លង​កាត់​ក្លោង​ទ្វារ​សាលា​ចេញ​ផុត​ទៅ។

«​តោះ! ត្រឡប់​ទៅ​ផ្ទះ​បាន​ហើយ​កូន…» ស្រ្តី​វ័យ​កណ្តាល​មនុស្ស​ ដែល​ជា​អាណា​ព្យាបាល​​របស់​កែវ​ ដើរ​មក​អង្អែល​ក្បាល​នាង​ មុន​នឹង​នាំឡើង​រថយន្ត​វែន​ពណ៌​ខ្មៅ​ចេញ​​ផុត​​ទៅ។

ចំណែក​មិត្ត​ភក្តិ​ដទៃ​ទៀត​របស់​នាង​​ ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​ម្តង​ម្នាក់ៗ​ រហូតតាចាស់​​អ្នក​យាម​​នៅ​មុខ​សាលា​ ទាញ​ក្លោង​ទ្វារ​ធំបិទ​ មុន​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​។

ម្នាក់​ៗ​ក៏​ភ្លេច​រឿងលេង​បិទ​ពួន​របស់​​ក្មេង​ស្រី​មួយ​ក្រុម​នោះ​…

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ​គេ​ក៏​លែង​ឃើញ​លក្ខណ៍​ ​មក​សាលា​រៀន​ទៀត​។ សូម្បី​តែ​នៅ​ឯ​ផ្ទះ​ក៏​គ្មាន​​នរណា​ដឹង​ថា នាង​បាត់​ខ្លួន​ទៅណាដែរ​​។ ខ្លះ​​ថា​ ត្រូវ​ខ្មោច​កំបាំង​… ខ្លះ​ទៀត​ថា រត់​ចេញ​ពី​ផ្ទះ​…

ក្មេង​ស្រី​ឈ្មោះ​លក្ខណ៍​ ក៏​បាត់​ខ្លួន​​​សូន្យ​ឈឹង​​​ចាប់​តាំង​ពី​ថ្ងៃ​នោះ…!!

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

ផ្កាយ​NoVeLs*– រដូវ​កាល​ចូល​ឆ្នាំ​ចិន​ បាន​មក​ដល់​ហើយ សង្កេត​ឃើញ​ថា នៅ​​កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​នានា​លើ​លោក​ ដែល​មាន​ជនជាតិ​ចិន​រស់​នៅ បាន​និង​កំពុង​ត្រៀម​ខ្លួន ​រីករាយ​ស្វាគមន៍​​ថ្ងៃ​ចូល​​ឆ្នាំ​ពណ៌​ក្រហម​នេះ​យ៉ាង​គគ្រឹក​គគ្រេង​។ អ្នក​ខ្លះ ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ​ដ្បិត​នៅ​​រដូវ​កាល​នេះ​តែង​តែ​បាន​ទទួល​អាំ​ង​ប៉ាវ​កញ្ចប់​​ក្រហមៗ​​​ពី​ចាស់​ទុំ​មិន​ដែល​ដាច់។​ ពិសេសតំបន់​ខ្លះ ​ដែល​មាន​ជន​ជាតិ​ចិន​រស់​នៅ​កុះ​ករ​ ក៏​មាន​ការ​​ដុត​ផាវ​ និង​លោត​ម៉ុង​សាយលេង​យ៉ាង​អធិកអធម​​។

អេ… ចុះ​មាន​ឆ្ងល់​ទេ ហេតុ​អ្វី​ជន​ជាតិ​ចិន​​ចាំ​បាច់​ត្រូវ​ដុត​ផាវ និង​លោត​ម៉ុង​សាយ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ? ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​ សូម​លើក​យក​ប្រពៃ​ណី​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ចិន​​ មក​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា​ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​មាន​ទស្សនៈ​បុរេនិច្ឆ័យ​ថា ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ!​ :D

. ការលេងដុតផាវ

ការ​លេង​ដុត​ផាវ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ មាន​ប្រវត្តិ​មក​ថា​ ក្នុង​អតីតកាល​មាន​​បុគ្គល​ម្នាក់​​ មាន​គំនិត​វៃ​ឆ្លាត​​​ចេះ​យក​​រំសេវ​​ដាក់​ក្នុង​​បំពង់​ឫស្សី​តូចៗ​​ ហើយ​ដុត​ភ្លើង​រហូត​កើតជា​​សំឡេង​ផ្ទុះ​ខ្ទរ​​ខ្ទារ​​ឡើង​។ គ្រា​នោះ​​នៅ​ពេល​​​​ក្មេង​​ក្មាង​ណា​​បាន​ឮ​​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ​អឺង​អាប់​​ ឆ្កែ​ឆ្មា​​ សត្វ​ចិញ្ចឹម​ទាំង​ឡាយ ​ក៏​នាំ​គ្នា​​ផ្អើល​រត់​ ​ឆ្លេឆ្លា​ពេញ​ស្រុក​ភូមិ​ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​​គិត​ថា​ សំឡេង​ផ្ទុះ​ផាវ​​ប៉ូង​ប៉ាំង​នោះ ប្រហែល​ជា​អាច​ដេញ​សត្វ​​សាហាវ​​ឈ្មោះ​ «​ហ្នៀន​» បាន​។

          ចំពោះ​សត្វ​ «​ហ្នៀន​» នេះ ជនជាតិ​ចិន​មាន​ជំនឿ​ថា ជា​សត្វ​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​មាឌ​ធំ​មាំ​ មាន​រូប​រាង​ស្រដៀង​នឹង​គោ​ផ្សំ​​រមាស​ ថែម​ទាំង​មាន​និស្ស័យ​កាច​សាហាវ​ និង​ចូលចិត្ត​ចេញ​រក​ស៊ី​នៅ​ពេល​​យប់​ក្នុង​ថ្ងៃ​ដែល​មាន​អាកាស​ធាតុរងា ដោយ​ហេតុ​ថា​ ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​រងានោះ អ្នក​ភូមិ​​​​តែង​តែ​នាំ​គ្នា​ចេញ​មក​អង្គុយ​អាំង​ភ្លើង​​ ឬ​អាំង​សាច់​​ចម្អិន​អាហារ​បរិភោគ​ជុំ​គ្នា​នៅ​កណ្តាល​ភូមិ​ ហើយ​នៅពេល​សត្វ​ «​ហ្នៀន​» ដ៏​កាច​សាហាវ​នោះ​ឃើញ​​ វា​នឹង​ហក់​ចូល​មក​ដណ្តើម​យក​អាហារ​របស់​អ្នក​ភូមិ។​ តែ​មួយ​រំពេច​នោះ ​ភ្នក់​ភ្លើង​ដែល​ធ្វើ​​ពីបំពង់​ឫស្សី​ ក៏​កើត​ចេញ​ជាផ្កា​ភ្លើង​​ផ្ទុះ​លាន់​ប៉ូង​ប៉ាំង​ ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ «ហ្នៀន​»​ ចង្រៃ​ ភ័យ​ខ្លាច​ ហើយ​រត់​គេច​បាត់​​ទៅ។​ ចំណែក​អ្នក​ភូមិមួយ​ចំនួន​​​ក៏​ជឿ​ថា សត្វ​ «​ហ្នៀន​» ខ្លាច​ពណ៌​ក្រហម​របស់​ភ្លើង​ ទើប​នាំ​គ្នា​យក​ក្រណាត់​​ក្រហម និង​ក្រដាស​​ក្រហម ​​មក​សរសេរ​អក្សរ​ដោយ​​ពាក្យ​ដែល​មាន​សិរី​មង្គល​​បិទ​តាម​ជញ្ជាំង​ផ្ទះ ​​និង​អគារ​ផ្សេង​ៗ ដើម្បី​ឲ្យ​​ «​ហ្នៀន​» ឃើញ​ហើយ មិន​ហ៊ាន​ចូល​មក​ជិត​​​។ ហេតុ​ផល​នេះ​ ធ្វើ​ឲ្យ​ការ​សរសេរ​ក្រដាស​​ក្រហម ​ក្លាយ​ជា​​ទី​និយម​ និង​ជា​មរតក​វប្បធម៌​បន្សល់​​ទុក​​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ក្រៅ​ពី​ជន​ជាតិ​ចិន​ជឿ​ថា «​ហ្នៀន» ជា​សត្វ​សាហាវ​ហើយ ពាក្យ​ «ហ្នៀន» នៅ​មាន​សំឡេង​ដូច​​គ្នា​នឹង​ពាក្យ​ដែល​មាន​ន័យ​ថា «​ឆ្នាំ​» ​ទៀត​ផង​ ដែល​ជន​ជាតិ​ចិន​ជឿ​ថា រយៈ​ពេល​នៃ​ការដាច់​ឆ្នាំ​ចាស់​នោះ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់ មនុស្ស​មិន​សូវ​​បាន​ស្រួល​កាយ​សប្បាយ​ចិត្ត​ ព្រោះ​សត្វ​ «​ហ្នៀន​» ​ចេញ​មក​អុក​ឡុក​ខ្លាំង​​ពេក​​​។ ដូច្នេះ​ការ​ដុត​ផាវ​​ឲ្យ​ផ្ទុះ​ខ្លាំងៗ ប្រហែល​ជា​អាច​ដេញ​​សត្វ​ «​ហ្នៀន» ចង្រៃ​ និងភាព​​អពមង្គល​ទាំង​ឡាយ​បាន​។ ចំណែក​ជន​ជាតិចិន​​ខ្លះ​ជឿ​ថា ការ​ដុត​ផាវ​នោះ គឺ​ជា​ការ​ហៅ​ លាភ​សំណាង​​ចូល​​ផ្ទះ ឯ​ខ្លះ​ទៀត​ក៏​ថា ជា​ការ​ដុត​ដើម្បី​ឲ្យ​ទេវតា​បាន​ឮ ព្រះ​អង្គ​នឹង​បាន​ចុះ​មក​ជួយ​ឃុំ​គ្រង​ថែរក្សា​ឲ្យ​ជនជាតិ​ចិន​រស់​នៅ​បាន​​ត្រជាក់​ត្រជុំ​សុខ​សប្បាយ​។

. ការលោតម៉ុងសាយ

ការ​លោត​ម៉ុង​សាយ ឬ​ដែល​ជនជាតិ​ចិន​​ហៅ​ថា «​សៃ​ជឺប៊ូ» នោះ​ រាប់​​ទុក​ថា​ជា​ល្បែង​កម្សាន្ត​​មួយ​​​ប្រភេទ​ដែល​ជា​និមិត្តរូប​ប្រចាំ​​ថ្ងៃ​ចូល​ឆ្នាំ​ចិន​តែ​ម្តង​ ជា​ពិសេស​ គឺ​ជន​ជាតិ​ចិន​​នៅ​ភាគខាង​ជើង ​និងភាគ​ខាង​​ត្បូង​​​ដែល​ចូលចិត្ត​លេង​ម៉ុង​សាយ​​នេះ នៅ​ថ្ងៃ​ដែល​​មាន​​ពិធី​ដង្ហែ​អ្ន​កតា ឬ​​ពិធី​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ជា​ដើម​​។

ចំពោះ​ប្រវត្តិ​​ដែល​ជន​ជាតិ​ចិន​ ចាំ​បាច់​ត្រូវ​លោត​ម៉ុង​សាយ​​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះ​ មានការ​កត់​ត្រា​ទុក​នៅ​ក្នុង​កំណត់​ហេតុ​ របស់​រាជវង្ស​​​​ភាគ​ខាង​ជើង ​និង​ភាគ​ខាងត្បូង​ នៅ​ចន្លោះ ​ព.ស​. ៨៥០ – ព.ស.​១១៣២ បាន​សរសេរ​ថា អ្នក​ភូមិ​បាន​យក​ក្បាល​​តោ​មក​ពាក់​ ហើយ​លោត​​ញញាក់​ញញ័រ​ដើម្បី​ដេញ​ខ្មោច​ព្រាយ​បិសាច ដែល​អ្នក​ភូមិ​នាំ​គ្នា​ជឿ​ថា នឹង​ចេញ​មក​ស៊ី​មនុស្ស​ប្រុស​និង​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ភូមិ​​ ទើប​ធ្វើ​ឲ្យ​មាន​ជំនឿ​ថា បើ​ពាក់​ក្បាល​តោ​លោត​កញ្ឆេង​ហើយ ​នឹង​អាច​ដេញ​ខ្មោច​ព្រាយ​បិសាច​បាន​ ហើយ​ក៏​នាំ​គ្នា​ប្រតិបត្តិ​តាម​ជា​ទំនៀម​ទម្លាប់​​​ប្រពៃ​ណី​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

​ការ​លោត​ម៉ុង​សាយ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ គឺ ​តែង​​មាន​​បុរស​មួយ​ក្រុម​​រូប​រាង​មាំ​មួន ​​ដើរ​លោត​ម៉ុង​សាយ​​​ដើម្បី​សុំ​លុយ​​បរិច្ចាគពី​អ្នក​ភូមិ​ ​ដោយ​ក្នុង​នោះ​​មាន​​បែង​ចែក​ជា​ ក្រុមលេងភ្លេងកំដរ​ ​ក្រុមពាក់​ក្បាល​តោ ​ស្លៀក​​ឈុត​តោ​ និង​មនុស្ស​ពាក់​មុខ​តាប៉ិ​ញញឹម​​កាន់ផ្លិត​។ បន្ទាប់​មក​ក៏​នាំ​គ្នា​​ដើរ​តាមដង​ផ្លូវ​នានា​​ក្នុង​ភូមិ​ស្រុក​​។ លុះ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ស្គរ​ នឹង​​នាំ​គ្នា​ចេញ​មក​ដោយ​យក​ស្រោមសំបុត្រ​​អាំង​ប៉ាវ​​ ទៅ​​ចង​នៅ​លើ​បង្គោល​ឈើ​ខ្ពស់​ៗ​​ ដើម្បី​ឲ្យ​ក្រុម​អ្នក​លោត​ម៉ុង​សាយ​​ឡើង​ទៅយក​ ដែល​នេះ​គឺ​​​ជា​ទំនៀម​ទម្លាប់​មួយ​​ដ៏​សែន​រីក​រាយ​ និង​គួរ​ឲ្យ​រំភើប​ជាទីបំផុត​៕

          (ស្រាវជ្រាវ និងប្រែសម្រួលដោយផ្កាយ​NoVeLs*)

ផ្កាយ​NoVeLs*– ស៊ិន​ចៀ​យូអ៊ី ស៊ិន​នី​ហួត​ឆៃ :D ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​ជាតិ​ចិន​ហើយ ជឿ​ថា​បង​ប្អូន​ភាគ​ច្រើន​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន ​​ច្បាស់​ជា​រំភើប​ត្រេក​អរ​មិន​តិច​ទេ ព្រោះ​រយៈ​ពេល​នេះគឺ​ជា​   រយៈ​ពេល​ដែល​​​ម្នាក់​ៗ ​អាច​បាន​ជួប​ជុំ​​ញាតិ​មិត្ត​បង​ប្អូន ដែល​មិន​បាន​ជួប​គ្នាពេញ​មួយ​ឆ្នាំ​កន្លង​មក​។​ ពិសេស​​​​អ្នក​ខ្លះ​​ ក៏​អាច​នឹង​បាន​ទទួល​អាំង​ប៉ាវ ​​ឬ​អំណោយ​ឆ្នាំ​ថ្មី​ពី​ចាស់ទុំ​​ជា​ទីគោរព​របស់​ខ្លួន​ផង​ដែរ​។ តែ​ដោយ​នេះ​គឺ​ជា​ថ្ងៃ​ចូល​ឆ្នាំរបស់ជន​ជាតិ​ចិន​ ដូច្នេះ​​គង់​នឹង​មាន​​ទំនៀម​ទម្លាប់​​ប្រតិបត្តិ​ និង​តំណម​ខ្លះៗ​​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​ដូន​តាម​ក ដោយ​ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​នឹង​នាំ​​ទាំង​អស់​គ្នា​ទៅ​មើល​​ថា តើ​មាន​តំណម​អ្វី​ខ្លះ​ដែល​​​មិន​គួរ​ធ្វើ​នៅ​ក្នុង​​​ថ្ងៃ​ចូល​ឆ្នាំ​ចិន​។

. ហាមបោសសម្អាតផ្ទះ

ជន​ជាតិ​ចិន​មាន​ជំនឿ​ថា ការ​បោស​សម្អាត​ផ្ទះ​សម្តែង​ និង​​​ការយក​​សំរាម​ទៅ​ចោល​​​​​ក្នុងថ្ងៃ​ចូល​ឆ្នាំ​ គឺ​ជា​ការ​បោស​សម្អាត​យក​លាភ​សក្ការៈ​ មាស​ប្រាក់​ចេញ​ពី​ផ្ទះ​ បើ​ទោះ​​ជា​ផ្ទះ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​កខ្វក់​ក៏​ដោយ​​។ ចំពោះ​អ្នក​ខ្លះ​ ដែល​ចាំ​បាច់​ត្រូវ​តែ​​បោស​សម្អាត​ផ្ទះ​នោះ​ ក៏​គេ​បោស​​ប្រមូល​តែ​ល្អ​ង​ធូលី​​ ហើយ​យក​ទៅ​ដាក់​នៅ​​កន្លៀត​​ជ្រុង​ណា​មួយ​​នៃ​ផ្ទះ​សិន​​ប៉ុណ្ណោះ​ ថ្ងៃ​បន្ទាប់​មក​ ទើប​គេ​យក​វា​ទៅចោល។ ហេតុ​ដូច្នេះ​ហើយ​ ទើប​​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​មិន​សូវ​មាន​នរណា​បោស​សម្អាត​ផ្ទះ​សម្បែង​ទេ​ គឺ​មាន​តែ​សម្អាត​​ទុក​មុន​​ថ្ងៃ​​ចូល​ឆ្នាំ​ប៉ុណ្ណោះ​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ​និង​ទទួល​ភ្ញៀវ​ពន្លឺ​ដែល​មក​លេង​។

. ហាមកក់សក់ ឬកាត់សក់

ជន​ជាតិ​ចិន​ មិន​និយម​កក់​សក់​ ឬ​កាត់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ទេ។ ​អ្នក​ខ្លះ​មិន​កក់​សក់​​​បី​ថ្ងៃ​ក្រោយ​ចូល​ឆ្នាំ​ ដោយ​ហេតុ​ថា ពាក្យ​ «​សក់» ជា​ពាក្យ​ដែល​​​មាន​សូរស័ព្ទ​ និង​រូបស័ព្ទ​​ដូច​គ្នា​នឹង​ពាក្យ​ «​គង់​វង្ស»​។ ហេតុ​ដូច្នេះ​ ការ​កក់​សក់​ ឬ​កាត់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ គឺ​ប្រៀប​ដូច​ជា​ការ​នាំ​យក ​ភាព​ គង់​រង្ស រីក​ចម្រើន​ ចេញ​ទៅ​ដូច្នេះ​ដែរ​។

. ហាមនិយាយពាក្យអសុរស និងឈ្លោះទាស់ទែងគ្នា

នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ជន​ជាតិ​ចិន​​តែ​ង​តែ​ចៀស​វាង ​ការ​និយាយ​ស្តី​ដោយ​ប្រើ​ ពាក្យ​អសុរស​ ​​​មិន​ពីរោះ និង​ រឿង​មិន​ល្អ​ ដូចជា​ការ​​និយាយ​ពី ​សេចក្តី​ស្លាប់ ឬ​ខ្មោច​ជា​ដើម​ ព្រោះ​មាន​ជំនឿ​ថា ការ​និយាយ​រឿង​មិន​ល្អ​នៅ​ថ្ងៃ​នេះ នឹង​នាំ​សំណាងអាក្រក់​មក​ឲ្យ​ពេញ​មួយ​ឆ្នាំ​​។ ក្រៅ​ពី​នេះ​ ជន​ជាតិ​ចិន​ក៏​មិន​និយាយ​​ពី​លេខ​៤​ដែរ ព្រោះ​​លេខ​៤ នៅ​ក្នុង​ភាសាចិន បញ្ចេញ​​សំឡេង​ស្រដៀង​គ្នា​នឹង​ពាក្យ​ពាក្យ​ថា «​ស្លាប់​»​។ ហេតុ​ដូច​នេះ​ ទើប​ជន​ជាតិ​ចិន​ភាគ​ច្រើន​ចៀស​វាង​មិន​និយាយ ​ឬ​ប្រើ​​ប្រាស់​អ្វី​ដែល​ពាក់​ព័ន្ធ​​នឹង​លេខ​៤​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​។

. ហាមទទួលទានបបរ សាច់សត្វ

ជន​ជាតិ​ចិន​​ច្រើនតែ​​មិន​បរិភោគ​បបរ​នៅព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​​​​ ព្រោះ​​ជឿ​ថា អ្នក​​ក្រ​ គឺ​ជា​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​បបរ​នៅ​ពេល​ព្រឹក​។ ហេតុ​ដូច​នេះ ​ការ​ទទួល​ទាន​បបរ​ក្នុង​ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ គឺ​ប្រៀប​ដូច​ជា​ការ​រារាំង​​មិន​ឲ្យ​ខ្លួន​ឯង​មាន​បាន​ និង​ធ្វើ​ខ្លួន​ដូច​ជា​អ្នក​ក្រ​​។ ទាំង​នេះ​រាប់​ទាំង​ការ​មិន​​បរិភោគ​សាច់​សត្វ​​ផង​ដែរ​ ព្រោះ​​ជឿ​ថា​ទេវតា​ដែល​ចុះ​មក​នៅ​ក្នុង​ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​​នោះ​ គឺជា ​មំសៈវិរតិ ដែល​មិន​បរិភោគ​សាច់​។

. ហាមបោកគក់ខោអាវ

ជន​ជាតិ​ចិន​ជឿ​ថា ​អារក្ស​ទឹក​កើត​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ដូច្នេះ​ការ​បោក​គក់​ខោ​អាវ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ គឺ​ប្រៀប​​ដូច​ជា​ការ​ប្រមាថ​​មើល​ងាយ​ដល់​​ព្រះអង្គ​។

. ហាមស្លៀកពាក់ស ឬខ្មៅ

សម្លៀក​បំពាក់​ ដែល​មាន​ពណ៌​ស​ឬ​ខ្មៅ​ គឺ​ជា​និមិត្ត​សញ្ញា​នៃ​សេចក្តីស្លាប់។​ ហេតុ​ដូច្នេះ​ ការ​ស្លៀក​ពាក់​ពណ៌​ស​ឬ​ខ្មៅ​ក្នុង​ថ្ងៃ​ចូលឆ្នាំ គឺ​តំណាង​ឲ្យ​ប្រផ្នូល​​មិន​ល្អ ទើប​ភាគ​ច្រើន​នៃ​​ជន​ជាតិ​ចិន ​ចូល​ចិត្ត​នាំ​គ្នា​ស្លៀក​ពាក់ឈុត​​ពណ៌​ក្រហម​ ព្រោះ​ជឿ​ថា ពណ៌​ក្រហម​ គឺ​ជាពណ៌​ដែល​​​នាំ​​លាភ​សក្ការៈ​មក​ឲ្យ​ពួកគេ​​។

. ហាមមិនឲ្យ​​គេខ្ចីលុយ

​ក្រៅ​ពីលុយ ជនជាតិ​ចិន​មួយ​ចំនួន​អាច​មាន​តំណម​មិន​ឲ្យ​ខ្ចី​​​ទាំង​​របស់​របរ​ផ្សេងៗ​​ទៀត​ផង​ ដោយ​មាន​ជំនឿ​ថា បើ​ឲ្យ​គេខ្ចី​លុយ​នៅ​ថ្ងៃ​នេះ​ នឹង​មាន​មនុស្ស​​មកសុំ​​ខ្ចី​លុយ​ពេញ​មួយ​ឆ្នាំ​។ ក្រៅ​ពី​នេះ​អ្នក​ដែល​ជំពាក់​លុយ​គេ ក៏​គួរ​តែ​សង​គេ​ឲ្យ​អស់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ដែរ​​ ព្រោះ​ជឿ​ថា បើ​ជំពាក់​លុយ​នរណា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ហើយ នឹង​​មាន​បំណុល​ជាប់​ខ្លួន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ពេញ​មួយ​ឆ្នាំ​។

. ហាមធ្វើឲ្យរបស់បែកបាក់

ជន​ជាតិ​ចិន​ជឿ​ថា ការ​ធ្វើ​ឲ្យរបស់​បែក​បាក់ដូចជា​ កែវ​ ចាន​ កញ្ចក់​ បែក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ គឺ​ជា​ប្រផ្នូល​​អាក្រក់​ថា គ្រួសារ​នឹង​បែក​បាក់​គ្នា​ ឬ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​គ្រួសារ​។ ហេតុ​ដូច្នេះ ​នៅ​ថ្ងៃ​នេះគួរ​តែ​ប្រយ័ត្ន​ប្រយែងជាពិសេស​​ ហាម​មិន​ឲ្យ​របស់​របរ​ក្នុង​ផ្ទះ​បែក​ ឬ​វិនាស​ហិន​ហោច។​ ​តែ​បើ​ចៃ​ដន្យ​ធ្វើ​ឲ្យ​របស់​បែក​បាក់​ដោយ​មិន​បាន​តាំង​ចិត្ត​​នោះ ក៏​មាន​វិធី​រំដោះ​គ្រោះ​ដោយ​និយាយ​ថា «luo di ka hua» ដែល​ប្រែ​ថា ផ្កា​នឹង​រីក​ស្រស់​បំព្រង​ពេល​ធ្លាក់​ទៅ​ដល់​ដី។

. ហាមទិញស្បែកជើងថ្មី

ជន​ជាតិ​ចិន​ប្រកាន់​គំនិត​មួយ​គឺ​ មិន​​ទិញ​ស្បែក​ជើង​ថ្មី​ក្នុង​ខែ​ដំបូង​នៃ​ថ្ងៃ​ចូល​ឆ្នាំទេ ដោយ​ហេតុ​ថា ពាក្យ​ «​ស្បែក​ជើង​» ក្នុង​ភាសា​ចិន​បញ្ចេញ​សំឡេង​ថា «Hai» ដែល​ពាក្យ​ «Hai» នេះ​​មាន​សំឡេង​ដូច​ការ​ដក​ដង្ហើម​ធំ ដែល​ជន​ជាតិ​ចិន​ជឿ​ថា នោះ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ដែល​មិ​នល្អ​សោះ​ឡើយ​៕

ចំពោះ​​បង​ប្អូន​ជន​ជាតិ​ចិន ឬ​​ខ្មែរ​ជាប់​ខ្សែ​​ស្រឡាយ​ចិន​ទាំង​ឡាយ​ បើ​បាន​អាន​ហើយ សូម​​កុំ​ភ្លេច​យក​ទៅ​ប្រតិបត្តិ​ផង​ណ៎ា​ ដើម្បី​បាន​ទទួល​លាភ​សក្ការៈ មាស​ប្រាក់​ និងសំណាង​ល្អ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ​ រហូត​​​ដល់​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​! :D

(ស្រាវជ្រាវ និងប្រែសម្រួលដោយ ផ្កាយ​NoVeLs*)

ប៉ុស្ត័រភាពយន្តរឿង «ស្នេហ៍គ្រាដំបូង» ឬ First Love

ផ្កាយ​NoVeLs*– តាម​រយៈ​ លោក​​​ ម៉ៅ រតនា  ចាង​ហ្វាង​​​ផលិត​កម្ម​​​  SRGBMEDIB  បាន​ឱ្យ​ដឹង​​ថា រឿង​«​​​ស្នេហ៍​គ្រា​​ដំបូង​​» ឬ​ First Love នឹង​សម្ពោធន៍​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២១ មករា ២០១២​ នេះ​ នៅ​​សាល​មហោស្រព​ចេនឡា​។

ចាង​ហ្វាង​ផលិត​កម្ម​រូប​នេះ​  បាន​​បញ្ជាក់​ទៀត​​ថា រឿង​«​​​ស្នេហ៍​គ្រា​​ដំបូង​​» ​​​នេះ​​ដំណើរ​​​​ការ​​​ថត​ដោយ​​​​បច្ចេក​​​វិទ្យា​ទំនើប​​​អ្នក​​ដឹកនាំ​ រឿង​​មាន​​​គំនិត​​​ច្នៃ​ប្រឌិត​​​​​ខ្ពស់​​​ធ្វើ​ទៅ​តាម​​​សេនារីយោ​របស់​ អ្នក​​និពន្ធ​​ ដែល​មាន​ស្នា​ដៃ​​​ក្នុង​ការ​​​និពន្ធ​​សរសេរ​រឿង​​​​ បែប​​​មនោ​សញ្ចេត​នា​​ ​និង​​កំប្លែង​​ តម្រូវ​​​ទៅ​តាម​​​ស្រទាប់​​​យុវវ័យ​​​សម័យ​ថ្មី​​ចូល​ចិត្ត​​​​ទស្សនា​​​។

លោក ​ម៉ៅ​ រតនា ​​​​បន្ត​ថា  ​រឿង​​​ «ស្នេហ៍​​​គ្រា​ដំបូង» ​​​​​ដែល​​​ជា​​ស្នា​​ដៃ​​លើក​​ទី១​​នេះ​​មាន​ តារា​​សម្តែង​​​ថ្មីៗ​ ​​​​​វ័យក្មេង​ ​​​ស្រស់ស្អាត ​​​មាន​​​សមត្ថ​ភាព​​​​ និង ​មាន​ទេព​​​កោសល្យ​​សម្តែង​​​បាន​​​ល្អ​​បំផុត​​​ ដូច្នេះ​​​​​​លោក​​សង្ឃឹម​ ​​ថា​ នឹង​​មាន​ការ​​​ចាប់​អាររម្មណ៍​​​ពី​ប្រិយ​មិត្ត​​​ទស្សនិកជន​​ដែល​​​ ចូល​​​ទស្សនា​​​ហើយ​គាំទ្រ​​ជាក់​​ជាមិន​​ខាន​​។

  • ភាពយន្ត​ trailer ឈុតខ្លះៗក្នុងរឿង

លោក​​ចាង​ហ្វាង​​​​​ផលិតកម្ម​​ បាន​​បន្ថែម​ថា​​ ភាពយន្ត​​​រឿង​​​ «ស្នេហ៍​​​គ្រា​ដំបូង» ​​នេះ ​ផលិតឡើង​​ចង់​បង្ហាញ​​ពី​តថភាព​ សង្គម​​​​ពិត​​ ដែល​​​ចម្រុះ​​​​​គ្រប់​​​ជាតិ​​សាសន៍​​​មនុស្ស​​​រស់​នៅ​​​ ហើយ​​​ក៏បង្ហាញ​​​ពី​មនុស្ស​​​ដែល​​​មាន​​​ស្នេហា​​​ដំបូង​​​ ពិសេស​​​​គឺ​ចង់​​​អប់រំ​​ដល់​​​យុវវ័យ​​​​សម័យ​​​ថ្មី​​​ឱ្យ​​​ចេះ​​​​គិត​ គូរ​​បាន​វែង​​ឆ្ងាយ​​​មុន​ពេល​​​​​​សម្រេច​​​​ចិត្ត​​​ប្រឡូក​​​ក្នុង​​រឿង​​​ស្នេហា។

មួយ​​វិញ​​ទៀត​​ភាព​យន្ត​​​រឿង​ «​​ស្នេហ៍​​​​គ្រា​ដំបូង​​» នេះ​​មាន​​​គោល​​បំណង​​ចង់​​ឱ្យ​​យុវវ័យ​​​ខិតខំ​​​​​សិក្សា​​​រៀន​​សូត្រ​​ ឱ្យ​បាន​​​ច្រើន​​​ហើយ​​យល់​ពីអត្ថ​ន័យ​​​ពាក្យ​ថា «​ស្នេហា » ផងដែរ។

តាម​រយៈ​​ឈុត​​ឃោសនា​ខ្លះៗ​ខាង​លើ​ឃើញ​ថា ភាព​យន្ត​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន ពិសេស​ថត​​ប្រើ​​ប្រព័ន្ធ​HD ដែល​មើល​ទៅ​ធ្វើ​ឲ្យ​ត្រជាក់​ភ្នែក​ រូប​ភាព​ភ្លឺ​ច្បាស់​ បើ​ទោះ​ជា​​សកម្ម​ភាព​សម្តែង​របស់​តារា​មួយ​​ចំនួន​នៅ​មាន​សភាព​ឆ្គង​មិន​​ដូច​ធម្មជាតិ​ក៏​ដោយ​។

តោះ! នៅ​ចាំ​អីទៀត ទៅ​មើល​​រឿង​ «​ស្នេហ៍​គ្រា​ដំបូង» ឬ​ First Love ទាំង​អស់​គ្នា ដើម្បី​គាំ​ទ្រ​វិស័យ​ភាពយ​​ន្ត​ខ្មែរ​ និង​ ដើម្បី​ខ្មែរមាន​ភាព​យន្ត​ខ្មែរ​មើល!!! :D

(ដក​ស្រង់​ និង​កែ​សម្រួល​ពី​កាសែត​កោះ​សន្តិ​ភាព)

កា​សែត​កោះ​សន្តិភាព​–ខេត្ត​កំពង់​​​ស្ពឺ ​៖​ មរណភាព​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​​​​​បំផុត​​នា​ដើម​ឆ្នាំ​​២០១២​​នេះ គឺ​​​​​ការ​ស្លាប់​​របស់​​​​​ជន​ជាតិ​​បារាំង​​ រួម​ជាមួយ​​កូន​៤​នាក់​​​​​​នៅ​​ក្នុង​​​​រថយន្ត​​ពន្លិច​​​ទឹក​ត្រពាំង​​​​ ក្នុង​​បរិវេណ​​ដីលំនៅ​ឋាន​​​​​របស់​ខ្លួន​​ ក្នុង​ភូមិ​​​​ទួល​​​ធ្នង់ សង្កាត់​​រកាធំ  ក្រុង​ច្បារ​មន​ កាលពី​​​ថ្ងៃទី​​១៤ មករា ​។ ​ រហូត​មក​​​ដល់​ពេល​​នេះ​​ មូល​ហេតុ​​​នៃ​មរណភាព​​គ្រួសារ​​ជន​ជាតិ​​បារាំង​នេះ​​ មិន​ទាន់​​​ត្រូវ​បាន​​​បង្ហើប​​ឱ្យ​ដឹង​​​ថា បែបណា​​​នោះ​ទេ  ខណៈសមត្ថកិច្ច​​​គ្រប់​​លំដាប់​ថ្នាក់​​​និង​ស្ថានទូត​បារាំង​​​​ប្រចាំ​ កម្ពុជា​​​កំពុង​​ធ្វើ​ការ​​​ស៊ើប​អង្កេត​​យ៉ាង​​ស្ងៀម​ស្ងាត់​​ជុំ​វិញ​ ករណី​នេះ​​ ​នៅ​ឡើយ​ ប្រយោជន៍​​​ដើម្បី​​រក​ឱ្យ​ឃើញ​​​​​ថា តើ​​​មរណ​ភាព​​​ដែល​​ធ្វើ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​​​ជា​ទូទៅ​នេះ​មាន​​​ មូល​ហេតុ​​បែប​ណា ?

ជុំ​វិញ​​​​មរណភាព​​​គ្រួសារ​​ជន​ជាតិ​បារាំង​​ រហូត​ដល់​​​​ការ​​ប្រទះ​ឃើញ​​​​សាក​សព​​​គឺ​ផ្តើម​​ចេញពី​ការ​​​​​បាត់​ ខ្លួន​ បុរស​​ពោះ​ម៉ាយ​​​បារាំង​​ លោក​​ឡូរ៉ង់់ វ៉ាលីយេ ​ព្រមទាំង​​កូនតូចៗ​​​​ចំនួន​៤​នាក់​ ​ត្រូវ​បាន​​​​សមត្ថកិច្ច​​​​​ធ្វើ​ការ​តាម​ដាន​​​អស់​​រយៈពេល​​​​៤​លើក​​។

លើក​ទី១-​​​គឺ​ការ​​ភ្ញាក់​​ផ្អើល​​ពី​​ប្រជា​ ពលរដ្ឋក្នុង​​ភូមិ​​​​ទួល​ធ្នង់​​ ពី​ការ​​​បាត់​ខ្លួន​​តាំងពី​​ក្នុង​រដូវ​​បុណ្យ​​​ភ្ជុំ​បិណ្ឌ​​​ខែកញ្ញា​​ ហើយ​​​​ការ​បាត់​​ខ្លួន​​នេះ​ក៏​​​ធ្វើ​ឱ្យ​​​​មាន​ការ​​​ឆោឡោ​​​នៅ​ថ្ងៃ​​​ ទី​​៥ ​ធ្នូ ២០១១​ ​ ដោយ​​សមត្ថ​កិច្ច​​​បាន​​ចុះ​​ធ្វើ​​ការ​ត្រួត​ពិនិត្យ​​​​ក្រៅ​បរិវេណ​​​ ផ្ទះ​​​ទាំងពីរ​​​ តែ​​ពុំ​មាន​​​លទ្ធផល​​​អ្វី​​នោះទេ​​ ​ដោយ​​បាន​​ទុក​​ស្ថាន​​ភាព​​​​ឱ្យ​​​នៅ​ដដែល​​​ ។

លើក​ទី​២​-​​ក៏​មាន​ការ​​ត្រួតពិនិត្យ​​​​ម្តង​ទៀត​នៅ ​ថ្ងៃទី​​​​៥ មករា​ ២០១២​ ដោយ​​មាន​ការ​​​ចូលរួម​​​ពី​​សមត្ថកិច្ច​​​ចម្រុះ​​ពាក់​ព័ន្ធ​​​​នឹង​ការ​​ ​ងារ​​បាត់​ខ្លួន​​​ជន​ជាតិ​​បារាំង​​នេះ​ តែការ​ឆែក​ឆេរ​​​​ក្នុង​ផ្ទះ​​មិន​បាន​បង្ហាញ​​​ថា ពួក​​គេស្ថិត​​​នៅ​ក្នុង​​​ផ្ទះ​​ទេ ។

លើក​ទី​៣ ​នៅ​ថ្ងៃទី​​១៤ មករា គឺជា​ថ្ងៃ​​​​​​ដែល​បង្ហាញ​ច្បាស់​ថា​ ការ​បាត់​​​ខ្លួន​​​របស់​បារាំង​​​ពោះ​ម៉ាយ​​​​​​​​​និងពួក​កូនៗ​​មិន​​បាន​ បាត់​​​ទៅណា​ទេ​ ​គឺ​ពួកគេ​​ស្លាប់​​​ទាំងអស់ ​​ហើយ​ការ​​ភ្ញាក់​ផ្អើល​​​ជុំ​វិញ​​​ហេតុការណ៍​​​​នេះ​បាន​​​​កើត​ឡើង​ដោយ​ ​អ្នក​ភូមិ​​​​​ម្នាក់​ឈ្មោះ​​ផាត ​ មាន​ទីលំនៅ​​​ក្នុង​ភូមិ​ទួល​​ធ្នង់ បាន​​​ទៅ​​ទាក់​​លលក​​ក្បែរ​​​របង​ផ្ទះ​បារាំង​​ជាប់​ស្រះទឹក​ទំហំ​​១០​​ ម៉ែត្រ​×​​៣០​ម៉ែត្រ​​ ​ជម្រៅ​​ប្រមាណ​​​៣​​​ទៅ​​​៤​ម៉ែត្រ​ ​ដោយ​​សារ​​ឃើញ​​​ដំបូល​​រថយន្ត​​​ផ្នែក​​​ខាង​ក្រោយ​​អណ្តែត​​​​ប្រមាណ​​ ២តឹក​​ ​​ដោយសារ​​ទឹក​ត្រពាំង​​រីង​ស្ងួត​​​នា​ខែ​​ប្រាំង​ ក៏​សង្ស័យ​​​ ហើយ​​​រត់​ទៅ​ប្រាប់​​​សមត្ថកិច្ច​​​ឱ្យ​​មក​​ត្រួត​ពិនិត្យ​​ ។

ការ​​ត្រួត​ពិនិត្យ​​លើក​​នេះ​​មាន​​​សមត្ថកិច្ច​ ចម្រុះ​​​​​​​​បច្ចេក​​ទេស​​​​វិទ្យា​​​សាស្ត្រ​​​នៃ​អគ្គ​នាយក​​ដ្ឋាន​នគរ​ បាល​​​​ជាតិ ស្ថាន​ទូត​​បារាំង​​ ក្រុម​​​វេជ្ជ​បណ្ឌិត​​​ ​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​-ក្រុង​​​យ៉ាង​កុះករ​ រួម​ទាំង​​ព្រះ​​រាជ​អាជ្ញា​ផងដែរ ។

លោក វា លីយេ ឡូរ៉ង់ (Laurent Vallier) កាល នៅ រស់

ជុំ​វិញ​ការ​ត្រួត​ពិនិត្យ​បាន​ឃើញ​ថា មនុស្ស​ស្លាប់​នោះ​ជា​បុរស​ពោះ​ម៉ាយ​ជន​ជាតិ​បារាំង​ឈ្មោះ​ឡូរ៉ង់ ព្រម​ទាំង​កូន​៤​នាក់ (ស្រី​ពីរ​)ស្លាប់​រលួយ​ក្នុង​រថយន្ត​ម៉ាក DATROL NISSAN ពណ៌​ស ដែល​ជា​កម្ម​សិទ្ធិ​របស់​ជន​រង​គ្រោះ​ ។ ​ ទោះ​បី​ជា​បែបណា​ ស្ថា​ន​ទូ​ត​បារាំង​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​របស​់​ខ្លួន​ភ្លាម​ៗ ជុំ​វិញ​ការ​ប្រទះ​ឃើញ​សាក​សព​នេះ​ តែ​មិ​ន​ទាន់​វាយ​តម្លៃ​ថា តើ​ជា​សព​លោក​ឡូរ៉ង់ វ៉ាលីយេ ឬបែប​ណា​ទេ​តែ​បាន​ប្រកាស​ពី​កា​រ​តាម​ដាន​របស់​ខ្លួន​ជា​មួយ​សមត្ថ​កិច្ច​ កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេតជុំ​វិញ​បញ្ហា​នេះ ។

ទោះបី​ជា​បែបណា​ បុរស​ពោះ​ម៉ាយ​ជន​ជាតិ​បារាំង​ និង​ពួក​កូន​ៗ​ដែល​ស្លាប់​​ទៅ​បាន​បន្សល់​ទុក​នូវ​ស្នាម​អនុស្សាវរីយ៍​ សម្រាប់​អ្នក​ភូមិ​ទួល​ធ្នង់​ផង​ដែរ​ ស្តី​ពី​ជីវិតបុរស​ជន​ជាតិ​បារាំង​មាន​ប្រពន្ធ​ខ្មែរ​ និង​កូន​ៗ​ទាំង​៤​នាក់ ។ អ្នក​ភូមិ​បាន​រំ​លឹក​ថា គ្រួសារ​របស់​លោក​​ LauRent Valire និង​កូន៤​នាក់​ត្រូវ​បាន​បញ្ជាក់​ថា ពិត​ជា​បាន​បាត់​ខ្លួន​តាំង​ពី​៤​ខែមុន​នេះ គឺ​នៅ​ថ្ងៃ​បិណ្ឌ​រដូវ​ភ្ជុំ​ថ្ងៃទី​១៤ កញ្ញា​ ឆ្នាំ​២០១១ រហូត​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១២ ទើប​ដឹង​ច្បាស់​ជាក់​ស្តែង​ ។ ជន​ជាតិ​បារាំង​រូប​នេះ​បាន​ទិញ​ផ្ទះ​ពី​មិត្ត​ភក្តិ​ជន​ជាតិ​បារាំង​ដូច​ គ្នា​ឈ្មោះ​មីសែល ដែល​មាន​មុខ​របរ​ជា​អ្នក​ដាំ​បន្លែ​លក់ ។ ផ្ទះ​ចំនួន​២​នៅ​ទល់​មុខ​គ្នា ជន​ជាតិ​បារាំង​ឈ្មោះ​មី​សែល​ក៏​មាន​ប្រពន្ធ​ខ្មែរ និង​កូន​២​នាក់ដែរ ។ មីសែល​ត្រូវ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​លក់​ផ្ទះ​ឱ្យ​លោក​ឡូរ៉ង់ វ៉ាលីយេ​ ។

លោក​ឡូរ៉ង់​ វ៉ាលីយេ​ ដែល​មក​រស់​នៅ​បន្ត​នៅ​ភូមិ​ទួ​ល​ធ្នង់​នេះ គឺ​មាន​កូន​៣​នាក់​រួច​ទៅ​ហើយ​ជា​មួយ​ប្រពន្ធ​ខ្មែរ ។ ការ​មក​រស់​នៅ​ក្នុង​ភូមិ​ទួល​ធ្នង់​ សង្កាត​់​រកាធំ​នេះ​ លោក​វ៉ាលី​យេ​ និង​ប្រពន្ធ​ខ្មែរ ឈ្មោះ​លួត ស៊ីណា​ហៅ​ច្រឹប​ មាន​កូន​៣​នាក់​ដែល​កាលពី​២​ឆ្នាំមុន​បាន​រស់​នៅ​ឯខេត្ត​ព្រៃ​វែង ។ លុះ​​មក​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​ ក៏​បាន​សម្រាល​កូន​ប្រុស​មួយ​ទៀត ទើប​នាង​ជា​ប្រពន្ធ​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត​កំពង់​ស្ពឺ​​​ បន្សល់​​ទុក​ឱ្យ​លោក​វ៉ាលី​យេ​បន្ត​ចិញ្ចឹម​កូន​ទាំង​៤​នាក់​ក្នុង​នាម​ជា​ បុរស​ពោះ​ម៉ាយ ។

អ្នក​ភូមិ​ទួល​ធ្នង់​ក៏​ដូច​ជា​បង​ប្អូន​សាច់​សា​លោ​ ហិត​បុរស​បារាំង​នេះ​និយាយ​ថា លោក​វ៉ាលី​យេ​ស្រឡាញ់​កូន​ស្មើ​ជីវិត​ និង​ចេះ​ថ្នម​ថ្នាក់​

លោក Laurent Vallier និង កូន ៗ

ពួកគេ​ដែល​គ្មាន​ម្តាយ​។ បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​អនុវត្ត​រៀន​ភាសា​ខ្មែ ហើយ​ពួក​កូន​ៗ​ចេះ​និយាយ​ខ្មែរ​ និងបារាំង​ផង​ដែរ ។​ តាម​អ្នក​ភូមិ​ធ្លាប់​ចេញ​ចូល​ពេល​នាង​ជា​ប្រពន្ធ​ខ្មែរ​នៅ​រស់​បាន​និយាយ​ ថា ក្រោយពី​ប្រពន្ធ​ស្លាប់​ទៅ​លោក​វ៉ាលីយេ​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ ​ចិញ្ចឹម​កូន​​ទាំង​៤​នាក់​ក្នុង​បន្ទុក​ ទោះបី​ប្អូន​ស្រី​បង្កើត​ខាង​ប្រពន្ធ​ធ្វើ​បាយ​ទឹក​ជ​ា​ប្រចាំ​ក៏​គាត់​ដូច​ ជានឿយ​ណាយ​លែង​ចង់​ឱ្យ​ធ្វើ​ម្ហូប​ដែរ  ព្រោះ​ក្រោយ​ពី​ប្រពន្ធ​ស្លាប់​ លោក​វ៉ាលីយេ​​មាន​អារម្មណ៍​ពុំ​ល្អ​ តែង​មួម៉ៅ​ក្នុង​ចិត្ត​ជា​និច្ច​។ ដេោយសារ​ស្រឡាញ់​ប្រពន្ធ​ពេក​​លោក​បាន​យក​ធាតុប្រ​ពន្ធ​មក​រក្សា​ទុក​​ ក្បែរខ្លួន​​ជា​និច្ច ទោះ​បើក​បរ​​រថយន្តទៅ​​​ទី​ណា​ក៏​យក​ធាតុ​​ប្រ​ពន្ធ​ដាក់​ក្នុង​​រថយន្ត​​ទៅ ​តាម​ដែរ ។ មាន​ការ​កត់​សម្គាល់​ទៀត​​​ថា​​​​​ អា​ហារ​​ដែល​ពេញ​ចិត្ត​​សម្រាប់​លោក​វ៉ា លី​យេ គឺ​​បាយ​ឆា​សាច់​ជ្រូក ​ឈូ​ស​កា​រ៉ុត​​ដាក់​ពី​លើ​ រួច​​​យក​​​​ខ្លាញ់​ស្រោច​ពី​លើ​បាយ​នោះ​ជា​ការ​ស្រេច គឺ​ហូប​​តែ​ម្តង ជាមួយ​ទឹក​សុទ្ធ​​​មួយ​ដប​​ ។ ជួន​កាល​​​រក​ទឹក​ក្តៅ​​ដែរ ឯ​កូនៗ​ក៏​ដូច​គ្នា ។

អ្នក​ភូមិ​ទួល​ធ្នង់​និ​យាយ​​​​ទៀត​ថា ​លោក​វ៉ា​ លី​យេ ​ចេះ​និយាយ​ភា​​សា​ខ្មែរ​​បាន​ល្អ ចំណែក​​​កូន​ៗ​ក៏​ចេះ​​​ភាសា​​ខ្មែរ​ច្បាស់​លាស់​ផង​ដែរ ​និង​​ចេះ​និយាយ​ភាសា​បារាំង​​​ទៀត​ ។​ ​បុរស​ជាតិ​​​បារាំង​​​​នេះ​ស្រឡាញ់​​​រាប់​អាន​​​អ្នក​ភូមិ​​​ ឯអ្នក​​​ភូមិ​ក៏​​​​ស្រឡាញ់​​​​រាប់​អាន​​​លោក​ដែរ ​​គឺ​មិន​​​ដែល​​មាន​បញ្ហា​​​​អ្វី​ជា​មួយ​​​គ្នា​ទទេ ។

លោក​ជំ​ទប់​​ទី​១ ​សង្កាត់​​​​រកា​ធំ មាន​ប្រ​សាសន៍​​ រំលឹក​ថា​ ការ​រាប​់អាន​ល្អូកល្អិន​រវាង​ប្រ​ជា​ពល​រដ្ឋ​​​រស់​នៅ​ក្បែរ​ផ្ទះ​​​មាន​​ស ​​ភាព​ធម្ម​តា តែ​​អ្នក​​ក្រៅ​ពុំ​អនុ​ញ្ញាត​ឱ្យ​ចូល​​ក្នុង​​​បរិវេណ​​​ផ្ទះ​ទេ ព្រោះ​​​ពុំ​​ធ្លាប់​ស្គាល់​​  ។ ពិសេស​​​លោក​វ៉ា​ លី​យេ ​ពុំ​សូវ​​នៅ​​ផ្ទះ​ប៉ុន្មាន​ទេ តែ​ពុំ​ដែល​ភ្លេច​​នាំ​កូន​​ទៅ​សាលា​​​​ និង​នាំ​ពី​សាលា​​មក​ផ្ទះ​វិញ​ដែរ​ ។

អ្នក​គ្រូ​​បង្រៀន​កូន​​ជន​ជាតិ​បារាំង​​នេះ និយាយ​ថា ការ​រាប់អាន​​​​​រវាង​ឪពុក​ពួក​គេ និង​គ្រូ​​​ល្អូក​ល្អិន​ ដោយ​លោក​វ៉ា​លីយ៉េ តែង​សុំ​ឱ្យ​គ្រូ​ជួយ​បណ្តុះ​បណ្តា​ល​ឱ្យ​ពួក​កូនៗ​​​​បាន​ចេះ​ដឹង​ និង​ស្ទាត់​ជំនាញ​ផង ។ ពិសេស​​ទៀត​កូន​កាត់​បារាំង​​ទាំង​នេះ​មាន​​ភាព​ស្និទ្ធ​ស្នាល និង​កូន​ខ្មែរ​​ឥត​រើស​អើង​​គ្នា​ទេ ។​​ចំពោះ​ចំណាត់​ថ្នាក់ គឺ​ធម្ម​តា​មិន​ពូកែ​​ ឬ​ខ្សោយ​នោះ​ទេ ប៉ុន្តែ​​ពួកគេ​​​គឺជា​​​សិស្ស​ល្អ​​ ជាកូន​ល្អ ​ចេះ​​ស្រឡាញ់​​​រាប់​អាន​​​សិស្ស​​ដូច​គ្នា​​ជា​ធម្មតា។

ជុំ​វិញ​មរ​ណ​ភាព​​របស់​គ្រួ​សារ​បារាំង​នេះ ការ​សន្និ​ដ្ឋាន​រហូតមក​ទល់​ថ្ងៃ​ទី​២០មក​រា នៅ​តែ​មាន​ចំណុច​ខុស​​ៗ​គ្នា​ទាំង​អស់​ ដែល​​ចេញ​ពី​មាត់​ប្រ​ជា​ពល​រដ្ឋ ។ សមត្ថ​កិច្ច​ចម្រុះ​រួម​ទាំង​​ព្រះ​រាជ​អាជ្ញា​​ផង ពុំ​ទាន់​​កំណត់​ថា ​​ជា​អំពើ​អ្វី​​ឡើយ​ ដែល​ជា​​មូល​ហេតុ​​នៃ​ការ​ស្លាប់​ជនជាតិ​បារាំង​មួយគ្រួ​សារ​នេះ​​ ។ ប៉ុន្តែ​ក្រោយ​ពី​​ការ​ស្លាប់​​ជន​ជាតិ​បារាំង​មួយ​គ្រួ​សារ​នេះ ឪពុកម្តាយ​​​ក្មេក​នៅ​ឯ​ខេត្ត​ព្រៃ​​វែង​ បាន​ដាក់​​ពាក្យ​សុំ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដី​ធ្លី​ទាំង​ពីរ​ផ្ទះ​នេះ​ ផង​ដែរ ​តែ​​អាជ្ញា​ធរ​ដែន​ដីអត់​សម្រេច​ទេ ៕

(​អត្ថបទ​ដោយ៖​ ប្រុស​កោះ​ ​ចុះ​​ផ្សាយ​ថ្ងៃ សុក្រ​ ​ទី ២០​ មករា ២០១២)

អត្ថបទ​ទាក់​ទង​៖ រឿងក្តី​ឃាត​កម្ម​លើ​គ្រួសារ​បារាំង​

អត្ថបទ​ចាស់​ជាង​នេះ​ »

តាមដាន

Get every new post delivered to your Inbox.

Join 74 other followers